2023-07-28 10:07
135

ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានចាត់ទុកថា “ការបោះឆ្នោតសកលនៅកម្ពុជា គឺប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ មានតម្លាភាព សន្តិវិធី និងក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន”។

 ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ច្រានចោល ការលើកឡើងដែលបង្ករការភ័ន្តច្រឡំ និងមានលក្ខណៈនយោបាយខ្ពស់របស់លោក Volker Turk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសប្រជាជាតិ ជុំវិញការបោះឆ្នោតសកលនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសសកកម្មអចិន្ត្រៃយ៍ ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

 ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ បានធ្វើការបកស្រាយដូចខាហក្រោម៖

 ១- ការអនុវត្តស្មើៗគ្នានូវវិធានការរដ្ឋបាល និងច្បាប់ ដើម្បីថែរក្សានីតិរដ្ឋ គឺមិនមានន័យស្មើជាការរឹតត្បិតសេរីភាពរបស់ក្រុមជាក់លាក់ណាមួយនោះទេ។ គណបក្សនយោបាយ បេក្ខជន នយោបាយ សកម្មជន សហជីពកម្មករ អង្គការមិនមែនរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាន នានា ត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួនដោយស្មើៗគ្នា នៅចំពោះមុខច្បាប់របស់ ប្រទេស។

 ២- ការលើកឡើងថា ការបោះឆ្នោតសកលធ្វើឡើងក្នុងបរិយាកាសរឹតត្បិត គឺមិនត្រឹមត្រូវឡើយ។ ចំនួនអ្នកទៅបោះឆ្នោតសរុបទាំងអស់ជាង ៨,២លាននាក់ បានប្រើប្រាស់សិទ្ធិរបស់គាត់ស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សមួយក្នុងចំណោម គណបក្សប្រកួតប្រជែងទាំង១៨ ជាសក្ខីភាពយ៉ាងជាក់ច្បាស់ដែលអះអាងផ្ទុយពីការលើក ឡើងខាងលើ។ អត្រាដ៏ខ្ពស់នៃអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ជាកម្រិតដែល ច្រើនផុតពីការបោះឆ្នោតសកលទាំងបួនលើកកន្លងទៅ គិតចាប់តាំងពីឆ្នាំ២០០៣មក និងជាអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងគេនៅលើពិភពលោក ព្រមទាំងបានឆ្លុះបញ្ចាំងពី គឺប្រែប្រែកម្ពុជា នយោបាយពហុបក្ស និងប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា យ៉ាងពិតប្រាកដ។ 

 ៣- ដំណើរការបោះឆ្នោតស្ថិតក្រោមក្រសែភ្នែកនិងការតាមដានយ៉ាងដិតដល់ពីសំណាក់វត្តមានអ្នកសង្កេតការណ៍អន្តរជាតិ ៤២២នាក់ ដែលតំណាងឱ្យ៦៥ សញ្ញាក់ មកពី៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស និងសហគមន៍អនិកជនកម្ពុជានៅបរទេស ជាសាក្សី។ ជាងនេះទៅទៀត ភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០ នាក់ និង អ្នកសង្កេតការណ៍ជាតិឯករាជ្យ ចំនួន ៩០.០០០ នាក់ ដែលមានវត្តមានតាមដាន។ 

 សេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ក្រុមអ្នកសង្កេតការណ៍ជាច្រើនខាងលើក៏បានទទួលស្គាល់ ថា “ការបោះឆ្នោតសកលនៅកម្ពុជា គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី និងក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន”។

 ៤- កម្ពុជានៅតែប្រកាន់ខ្ជាប់ការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះនយោបាយពហុបក្ស ប្រជាធិបតេយ្យ សន្តិភាព និងការលើកកម្ពស់សិទ្ធមនុស្ស។ តួអង្គខាងក្រៅទាំងអស់ត្រូវគោរពឆន្ទៈរបស់ ប្រជាជនកម្ពុជាដែលជាម្ចាស់សន្លឹកឆ្នោត ចំពោះការជ្រើសរើសដ៏ត្រឹមត្រូវរបស់ពួកគាត់នូវ គណបក្សនយោបាយ ដែលពួកគាត់ជឿជាក់ថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង។

 ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវសង្ឃឹមថា “ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនឹងពិចារណាពីតថភាពទាំងអស់នេះ ព្រមទាំងអនុវត្តការងាររបស់ខ្លួនដោយឈរលើគោលការណ៍អព្យាក្រឹត សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង ស្របតាមសេចក្ដីសម្រេច A/RES/48/141 ចែងពីអាណត្តិរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដែលតម្រូវឱ្យគោរពអធិបតេយ្យភាព និងយុត្តាធិការក្នុងស្រុករបស់រដ្ឋ ព្រមទាំងគោរពតាមគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ដូចបានចែងយ៉ាងច្បាស់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ”៕