2023-10-23 04:10
312

(កណ្ដាល)៖ លោក ង៉ោ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់ និងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះជួបសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋនៅភូមិអាចម៍កុកចំនួន ៥៧គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

អមដំណើរនេះដែរ ក៏មានវត្តមាន លោកស្រី តុប ស៊ីថា ប្រធានរតនាគារខេត្តកណ្តាល និងជាសមាជិកក្រុមការងារចុះជួយសង្កាត់កំពង់សំណាញ់ រួមដំណើរដោយ លោក យាវ ឡេង ចៅសង្កាត់កំពង់សំណាញ់ ក្រុមប្រឹក្សាសង្កាត់ ក្រុមការងារមន្ទីអភិវឌ្ឍន៍ខេត្ត មេភូមិ អនុភូមិ យុវជនជាច្រើននាក់ផងដែរ។

ស្ថិតក្នុងឱកាសចុះជួបនេះដែរ លោកង៉ោ សុវណ្ណ និងលោកស្រីជី ថាវី បានផ្ដាំផ្ញើរការសួរសុខទុក្ខពី លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលតែងតែបារម្ភគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាកដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

លោក ង៉ោ សុវណ្ណ និងលោកស្រីជី ថាវី ក៏បានផ្ដាំផ្ញើដល់ពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរស់នៅ ពិសេសប្រយ័ត្នសត្វអសិរពិសគ្រប់ប្រភេទ ចរន្ដអគ្គិសនី និងការរក្សាអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារកូនចៅតូចៗ ពិសេសខ្លាចធ្លាក់ទឹក ឬមានជំងឺផ្សេង។ បើមានអាការៈមិនស្រួលខ្លួន សូមរួសរាន់ទៅមន្ទីរជ័យជំនះក្រុងតាខ្មៅភ្លាម ដើម្បីទទួលការព្យាបាលដោយឥតគិតថ្លៃ។

លោក ង៉ោ សុវណ្ណ ក៏បានប្រាប់ពលរដ្ឋថា បើសិនបងប្អូនមានការរស់នៅលំបាក ហើយមានបំណងចង់ទៅទីទួលសុវត្ថិភាពបន្ថែមទៀតនោះ លោកនិងលោកស្រី នឹងផ្ដល់កន្លែងស្នាក់នៅសមរម្យមួយនៅទួលសុវត្ថិភាព ដើម្បីភាពកក់ក្ដៅដល់ពលរដ្ឋ ហើយសូមរាយការណ៍បន្ទាន់មកអាជ្ញាធរបើសិនជាមានការស្នើរសុំអ្វីមួយ។

ស្ថិតក្នុងឱកាសនេះដែរ ប្រជាពលរដ្ឋបានសម្តែងការរីករាយ និងកក់ក្ដៅចំពោះវត្តមានថ្នាក់ដឹកនាំ ដែលបានចុះជួបសំណេះសំណាល សួរសុខទុក្ខដល់ពួកគាត់ ហើយក៏សម្តែងនូវក្ដីរំភើបផងដែរ។
សូមជម្រាបជូនថា អាជ្ញាធរខេត្តកណ្ដាល ពិសេសគឺ លោកស្រីជី ថាវី បានរៀបចំទីទួលសុវត្ថិភាពដើម្បីជួយដល់ប្រជាពលរដ្ឋដែលលិចលង់ផ្ទះសម្បែងរបស់ពួកគាត់ មកស្នាក់នៅបណ្ដោះអាសន្ន ព្រមជាមួយនឹងការផ្គត់ផ្គង់សំភារៈអាហារ ទឹកស្អាត ភ្លើងបំភ្លឺ ថ្នាំសង្កូវផ្សេងៗសំដៅផ្គត់ផ្គង់ដល់តម្រូវការបងប្អូនប្រជាពលរដ្ឋក្នុងការរស់នៅឲ្យបានសមរម្យរហូតដល់ពេលវេលាទឹកជំនន់ស្រកទៅវិញ។ លោកង៉ោ សុវណ្ណ និងលោកស្រី ជី ថាវី តែងតែគិតគូរយកចិត្តទុកដាក់និងបារម្ភពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិអាចម៍កុក ឲ្យតែមានបញ្ហាគឺលោក និងលោកស្រូតែងតែចុះមកជួយអាសារមិនដែលអាក់ខានឡើយ។

គួរជម្រាបថា សម្ភារៈមួយចំនួន ដែលបានឧបត្ថម្ភដល់គ្រួសាររងគ្រោះក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០គីឡូក្រោម, កាដុងដាក់ទឹក ៣០លីត្រ១កាដុង, ឆៃប៉ូវផ្អែម១គីឡូ, ត្រីខចំនួន៤កំប៉ុង និងសាប៊ូ ២ដុំ៕