2024-03-08 02:03
52

ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រតិបត្តិការ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាពសង្គមប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះមានអញ្ជើញចូលលោក លោកស្រីស្នងការរងផែនការងារជំនាញ លោកនាយការិយាល័យ ជំនាញ លោកអធិការនគរបាលក្រុង.ស្រុកទាំង៧ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ.សង្កាត់ចូលរួមផងដែរ ។

ក្រោយពីបានស្តាប់នូវមតិចូលរួមពីលោក លោកស្រី ស្នងការរងផែនការងារជំនាញ លោកអធិការនគរបាល និងរបាយការណ៍លទ្ធផលការងារប្រចាំខែកុម្ភៈរួចមក លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត លើកឡើងនូវផែនការការងារ ដែលតម្រូវឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏ដូចមន្ត្រីនគរបាលជំនាញ ត្រូវតម្លើងបញ្ជីមុខសញ្ញា និងតាមដានលើសកម្មភាពរាល់មុខសញ្ញាចាស់ៗ ត្រូវបង្កើនការសហការជាមួយកម្លាំងការិយាល័យជំនាញ និងជម្រុញចលនាប្រជាការពារ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីរបៀបបង្ការ និងពន្លត់អគ្គិភ័យ ពង្រឹងសមត្ថភាពជំនាញ បណ្តុះបណ្តាលកម្លាំងថ្មីៗយកចិត្តទុកដាក់ អនុវត្តនីតិវិធី រដ្ឋបាលលើមុខសញ្ញាប្រើប្រាស់សារធាតុញៀន ទប់ស្កាត់ការជួញដូរមនុស្ស ការរំលោភសិទ្ធមនុស្ស និងអំពើហឹង្សាក្នុងគ្រួសារ។ 

ជាមួយគ្នានេះ លោកស្នងការខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញ ពិនិត្យបញ្ជីអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ ដែលហួសសុពលភាព ផ្សព្វផ្សាយនិងជម្រុញឲ្យពួកគាត់មកធ្វើអត្តសញ្ញាណថ្មី ដើម្បីប្រើប្រាស់បានទាន់ពេលវេលាជម្រុញបង្កើនការផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ការងារនគរបាលនិងសហគមន៍ សំដៅបង្កើនការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លើកស្លាកនិងរឹតបន្តឹងការត្រួតពិនិត្យ ការអនុវត្តចរាចរណ៍ លើការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន និងការប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ មិនយកយានជំនិះប្រើស្លាកលេខនគរបាល នៅទីតាំងKTV និងកាស៊ីណូ ត្រួតពិនិត្យ រាល់អាជ្ញាបណ្ណល្បែងអនឡាញ អាជ្ញាបណ្ណសាខា និងលិខិតអនុញ្ញាតដាក់ទីតាំងល្បែងអនឡាយ ជាពិសេស ត្រូវយកចិត្តទុកដាក់ លើការងារការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ៕