2024-01-06 11:01
85

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចគល់ស្ពានភ្លោះកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បុរសម្នាក់ស្រវឹងស្រាឡើងជោកបើករថយន្តយ៉ាងលឿនជ្រុលទៅបុកម៉ូតូស្កុបពីមួយគ្រឿងពីក្រោយនិងរថយន្តទំនើបមួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ព្រមទាំងបង្កឱ្យបុរសពីរនាក់រងរបួសធ្ងន់និងស្រាល ។ 

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា មុនកើតហេតុ មានរថយន្តស៊េរីទំនើបម៉ាក BYD ATTO 3 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BR-9148 ធ្វើដំណើរចេញពីកោះនរា រួចឆ្លងស្ពានបំណងមកផ្លូវជាតិលេខ១ ក្នុងនោះក៏មានម៉ូតូម៉ាក ហុងដាស្កុបពីមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 1P-9377 បានធ្វើដំណើរពីក្រោយរថយន្តទំនើបម៉ាកBYD ATTO 3 ស្រាប់តែត្រូវរថយន្តបង្កម៉ាក Toyota corolla ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-5034 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រាឡើងជោកជាំបើកមកបុកម៉ូតូពីក្រោយពេញទំហឹង ផ្លោងទៅបុករថយន្តទំនើបម៉ាក BYD ATTO 3 ពីក្រោយដូចគ្នារងការខូចខាតទាំងរថយន្តបង្កនិងរថយន្ត ,ម៉ូតូដែលរងគ្រោះយ៉ាងដំណំ ។ ក្នុងករណីនេះក៏បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ និងគ្នីគ្នាម្នាក់ទៀតរងរបួសស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះទាំងពីរនាក់ ។ 

  ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ព្រមទាំងសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តបង្កព្រមទាំងរថយន្តនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីនាពេលក្រោយ ៕