2024-01-03 04:01
85

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីប្រកាសសមាសភាព និងបើកកិច្ចប្រជុំលើកដំបូង របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង/ស្រុកទាំង០៥ ក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក មេឃុំ ចៅសង្កាត់ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

លោក ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី និងភាកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួល ខុសត្រូវខ្ពស់នាពេលកន្លងមក។ ដើម្បីតម្រង់ទិស និងជំរុញប្រសិទ្ធភាពក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល លោក ស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៃខេត្តមណ្ឌលគិរី យកចិត្តទុកដាក់លើការងារសំខាន់ៗរួមមាន៖ ១. ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវមានការទទួលខុសត្រូវក្នុងការដឹកនាំ និងចាត់ចែងអនុវត្តការងារចុះមូលដ្ឋានក្នុងក្រុមការងាររបស់ខ្លួន ផ្អែកតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តមណ្ឌលគិរី។ ២.ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានពុំមានតួនាទី ឬសិទ្ធិសម្រេចកិច្ចការជំនួសក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានាឡើយ។ និងទី៣. ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ត្រូវសម្រេចផែនការសកម្មភាព ការធ្វើវេទិកាសាធារណៈផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានចប់គ្រប់ភូមិក្នុង ២១ឃុំ សង្កាត់ទូទាំងខេត្ត ដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ត្រូវរៀបចំកម្មវិធីចុះវេទិកាសាធារណៈតាមភូមិនីមួយៗ។

លោក ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភានាពេលកន្លងមក បានប្រជុំផ្ទៃក្នុង និងបានចូលរួមសកម្មភាព ក្នុងព្រឹត្តិការណ៍នានា នៅមូលដ្ឋានជាច្រើនលើក ដោយបានចុះជួបប្រាស្រ័យផ្ទាល់ជាមួយ ប្រជាពលរដ្ឋតាមខ្នងផ្ទះសរុប ចំនួន ១៣៣លើក និងបានរៀបចំវេទិកាសាធារណៈ ចំនួន ៩០លើក ក្នុងនោះទទួល បានសំណើ សំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងសរុបចំនួន ៨១៣ករណី ពាក់ព័ន្ធវិស័យចំនួន ២៣ បានដោះស្រាយរួចចំនួន ៣៨៥ករណី (ស្មើនឹង ៤៧%) កំពុងដោះស្រាយ ៣៦៥ករណី(ស្មើនឹង ៤៥%) បញ្ហានៅសេសសល់មិនទាន់ដោះ ស្រាយចំនួន ៦៣ករណី (ស្មើនឹង ៨%)។

សូមញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី នីតិកាលទី៧នេះ មានសមាជិកសរុប ៥៩រូប និងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានថ្នាក់ខេត្ត និងក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួន ១៧០រូប៕