2024-03-26 05:03
40

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់(ប្រុស០៤នាក់, ស្រី០២នាក់) កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ ដោយឃាត់ខ្លួននៅចំណុចបន្ទប់ជួលលេខ៥២ ជាន់ទី៥ ក្នុងផ្ទះលេខ៤៩ ផ្លូវលេខ២៦៩ ក្រុមទី២៦ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោកបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះថា ជនសង្ស័យទាំង០៦នាក់ ខាងលេីនេះរួមមាន៖ ទី១-ឈ្មោះ នឹម  រតនៈ ហៅ ហេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (វិជ្ជមាន) ,ទី២-ឈ្មោះ ក្រី ម៉េងហុង ហៅ ហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូនអនឡាញ  (វិជ្ជមាន), ទី៣-ឈ្មោះ យ៉ា  អ៊ីសា ហៅ សា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ (វិជ្ជមាន), ទី៤-ឈ្មោះ ស៊ឹម  បូណា ហៅ បូណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការសំណង់ (វិជ្ជមាន), ទី៥-ឈ្មោះ ស៊ន វិច្ឆិកា ហៅ ស្រីកា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ KTV The Moon (វិជ្ជមាន), ទី៦-ឈ្មោះ សុខ គឹមហៀង ហៅ ហ្សា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ KTV The Moon  (វិជ្ជមាន)។

ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ១-ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០៨កញ្ចប់តូច , ២-ម្សៅកញ្ចប់ទំពាំងបាយជូរ (សង្ស័យជាគ្រឿងញៀន) ចំនួន០២កញ្ចប់តូច, ៣-ម្សៅកញ្ចប់រូបសេះ (សង្ស័យជាគ្រឿងញៀន) ចំនួន១កញ្ចប់តូច, ៤-ទឹកសម្រាប់លាយគ្រឿងញៀនចំនួន៣០មិល្លីលីត្រ, ៥-បារីអេឡិចត្រូនិកចំនួន០៣ដើម ៦-ក្តារសម្រាប់ដាក់គ្រឿងញៀនចំនួន០១, ៧-ម៉ាស៊ីនចាក់ភ្លេងចំនួន០១គ្រឿង (ជារបស់ឈ្មោះ នឹម រតនៈ ហៅ ហេង), ៨-កូនបាស Speaker តូចចំនួន០១គ្រឿង (ជារបស់ឈ្មោះ ស៊ន វិច្ឆិកា ហៅ ស្រីកា)។ 

បច្ចុប្បន្ន ជនសង្ស័យទាំង០៦នាក់ខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។