2024-03-16 08:03
65

(ភ្នំពេញ)៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៤បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចយករថយន្តមួយគ្រឿងម៉ាក Mazda CX3 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BU-1606 ស៊េរីឆ្នាំ២០២៤ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិ០១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើនេះមានឈ្មោះផល ណាន ភេទប្រុស ទីលំនៅបច្ចុប្បន្ននៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សមត្ថកិច្ចបញ្ជាក់ថាមុនពេលកើតហេតុជនរងគ្រោះបានបានបើករថយន្តទៅឈប់ដកលុយនៅម៉ាស៊ីនអេធីអឹម មួយកន្លែងក្នុងសង្កាត់វត្តភ្នំ ដោយមិនបានពន្លត់ម៉ាស៊ីននោះទេឃើញឪកាសល្អ ជនសង្ស័យក៏បាន លួចបើករថយន្តគេចទៅដល់ស្រុកភ្នំស្រួច រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលការងារនគរបាលយុត្តិ          ធម៌ សហការជាមួយកម្លាំងនគរបាលស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួនតែម្តង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើនេះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល        ខ័ណ្ឌដូនពេញ ដែលជាម្ចាស់ករណីដើម្បីធ្វើការសាកសួរនិងរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ តាមការស្នើសុំផងដែរ ។