2023-08-10 12:08
170


(ស្វាយរៀង)៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងវេទិកាសាធារណៈនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានបញ្ជាក់ថា រាល់វេទិកាសាធារណៈ បើមានប្រជាពលរដ្ឋចូលរួមបានច្រើនកុះករ អាជ្ញាធរនឹងបានក្តាប់នូវបញ្ហាការសំណូមពរនានារបស់ពលរដ្ឋ ដែលជាធាតុផ្សំមួយឲ្យអាជ្ញាធរចូលរួមដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព តម្លាភាពផងដែរ។
   លោកថា មានតែពលរដ្ឋនៅមូលដ្ឋានទេដែលមានទុកកង្វល់នានា ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយ ដូច្នេះរាជរដ្ឋាភិបាលបានឲ្យបង្កើតឲ្យមានកម្មវិធីវេទិកាសាធារណៈ ដើម្បីឲ្យពលរដ្ឋបានចូលរួមឲ្យបានច្រើនលើកជាការសំណូមពរនិងកង្វល់នានា ធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ។
   លោកបានបន្តថា ពលរដ្ឋកុំខ្លាចអាជ្ញាធរ និងសមត្ថកិច្ច គឺត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា ដូចជាការគោរពច្បាប់ចរាចរណ៍ផ្លូវគោក កុំបើកបរបញ្ច្រាសទិស បើកបរត្រូវប្រកាន់ស្ដាំ ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់ និងកុំបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម ហើយមន្ត្រីនៅក្រុងបាវិតខ្លះក៏បានប្រព្រឹត្តនូវអំពើខុសច្បាប់ផងដែរ ដោយនៅតែជិះរថយន្តបញ្ច្រាសទិសក៏មានដែរ ដូច្នេះចាប់ពីពេលនេះទៅត្រូវបញ្ឈប់ទម្លាប់អាក្រក់នេះជាបន្ទាន់ ត្រូវគោរពច្បាប់ទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រោះមន្ត្រីជាគំរូរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
   ជាមួយគ្នានេះ នៅក្នុងវេទិកាសាធារណៈ ពលរដ្ឋក៏បានលើកឡើងអំពីចំណុចសំខាន់ៗដែលឲ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធចូលរួមដោះស្រាយរួមមានបញ្ហាផ្លូវ លូបង្ហូរទឹក អត្តសញ្ញាណប័ណ្ណ ការដាក់ភ្លើងស្តុបនៅទីប្រជុំជន បញ្ហាសំរាម និងចរាចរណ៍ផ្លូវគោកជាដើម។
   ចំពោះការសំណូមពរទាំងនេះ ត្រូវបានលោកអភិបាលក្រុងបាវិត ឆ្លើយតប និងអាចទទួលយកបានពីប្រជាពលរដ្ឋ ហើយក្នុងនាមអាជ្ញាធរ លោកអភិបាលក្រុងក៏បានសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរក្នុងការអនុវត្តច្បាប់ទាំងអស់គ្នា។
   ព្រមជាមួយគ្នានេះ លោកអភិបាលក្រុងក៏បានស្នើដល់លោកគ្រូ អ្នកគ្រូទាំងអស់សូមឱ្យយកចិត្តទុកដាក់ចូលរួមសហការនិងអប់រំសិស្សានុសិស្សឲ្យទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ ហើយនៅពេលខាងមុខនេះ រដ្ឋាភិបាលនិងធ្វើប្រតិភូកម្មឱ្យក្រុងជាអ្នកគ្រប់គ្រងទាំងសាលារៀនមត្តេយសិក្សា ដូច្នេះត្រូវអប់រំ   ក្មេងតូចៗឲ្យចេះទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ចេះស្រឡាញ់បរិស្ថាន។
   លោក លឹម សៀងហេង បានបញ្ជាក់ថា ចំពោះការងារអភិវឌ្ឍនៅមូលដ្ឋាន អាជ្ញាធរបានខិតខំប្រឹងប្រែង កសាងហេដ្ឋារចនាសម្ព័ន្ធបានជាច្រើនមានទាំងផ្លូវចាក់បេតុង លូរំដោះទឹកនៅផ្លូវជាតិលេខ១ និងតាមបណ្ដាផ្លូវនានាក្នុងមូលដ្ឋានសង្កាត់បាវិត និងនៅពេលខាងមុខនេះមានលូបង្ហូរទឹកស្អុយ និងអាងប្រព្រឹត្តកម្មចម្រោះទឹកស្អុយផងដែរ។
   ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋដាក់ភ្លើងស្តុបនៅទីប្រជុំជននៅក្រុងបាវិត មន្ត្រីជំនាញក៏បានដាក់សំណើទៅមន្ទីរសាធារណការខេត្ត ដើម្បីសិក្សាបច្ចេកទេសទៅតាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។
   លោក អែម សុវណ្ណរិទ្ធ អធិការនគរបាលក្រុងបាវិត ក៏បានស្នើដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងកុំព្រលែងសត្វពាហនៈពាសវាលពាសកាល ដែលនាំឲ្យបង្ករគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដល់អ្នកធ្វើដំណើរតាមដងផ្លូវ។
   លោកបានបន្តថា សូមម្ចាស់ផ្ទះសំណាក់ ផ្ទះជួលត្រូវថតចម្លងឯកសារអ្នកដែលស្នាក់នៅទាំងអស់ឲ្យមកមេភូមិ ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាល ដើម្បីឲ្យសមត្ថកិច្ចងាយស្រួលធ្វើការងារ។ មួយវិញទៀតត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចផ្ដល់អត្តសញ្ញាណ ជនសង្ស័យជួញដូរគ្រឿងញៀន និងជនសង្ស័យនៅមូលដ្ឋាន ដែលពាក់ព័ន្ធអំពើចោរកម្មផ្សេងៗ ដែលជាការងាយស្រួលផងដែរ ឲ្យសមត្ថកិច្ចក្នុងការវែកមុខនឹងចាប់ជនល្មើសចំគោលដៅមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
  សូមបញ្ជាក់ថា ពិធីនេះមានការចូលរួមពីលោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត លោកអធិការនគរបាលក្រុងសមត្ថកិច្ចដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ៕