2023-06-24 04:06
305

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ ចំនួន ៣ ៨០៤ នាក់ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្ស គ.២៧ បានធ្វើរាយការណ៍ជូនអង្គពិធីសមិទ្ធផលការងារក្នុងរយៈពេល៥ឆ្នាំ របស់គណៈកម្មាធិការគណបក្ស គ.២៧ ក្រោមដឹកនាំរបស់គណបក្ស ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្រ្តី និងដោយមានមតិដឹកនាំតម្រង់ទិសជាប្រចាំពីសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ព្រមទាំងមានការគាំទ្រពីឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល។ 

ឯកឧត្តម សក់ សេដ្ឋា បានគូសបញ្ចាក់ថាថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្ស គ.២៧ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ចយ៉ាងសកម្មផុលផុស ពង្រឹង ពង្រីកសមិទ្ធផលនានាដែលរៀមច្បងជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាន់មុនៗបានខិតខំពុះពារកសាងបាន និងបន្សល់ទុកជាបន្តបន្ទាប់ ដើម្បីបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនគណបក្ស ជាពិសេសការខិតខំបំពេញភារកិច្ចធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ 

ឯកឧត្តមក៏បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្ស គ.២៧ ដែលបានចូលរួមយ៉ាងសកម្ម សស្រាក់សស្រាំ ក្នុងការនាំមកនូវសមិទ្ធផលនានាដើម្បីភាពរុងរឿងនៃប្រជាជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងប្ដេជ្ញាចិត្ត យកឱកាសកម្លាំងកាយចិត្តប្រាជ្ញាស្មារតីខិតខំបំពេញការងារប្រកបដោយទំនួលខុសត្រូវ ដើម្បីបន្តដណ្ដើមជោគជ័យសម្រាប់ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ 

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគណបក្ស បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនៃគណៈកម្មាធិការ គ.២៧ ស្ថាប័នជំនួយការ គណៈកម្មាធិការសាខាបក្សចំណុះ ក្រុមការងារយុវជន គណៈចលនាស្រ្តី សមាជិក សមាជិកាទាំងអស់ដែលបានខិតខំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងការងារគណបក្ស និងការងាររាជរដ្ឋាភិបាល។ 

សម្ដេចបានគូសបញ្ជាក់ថាថ្នាក់ដឹកនាំ មន្ត្រី និងសមាជិក សមាជិកាគណបក្សគណៈកម្មាធិការគណបក្ស គ.២៧ ក៏បានចូលរួមក្នុងសមាសភាពក្រុមការងារ ទាំងក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយបាន យកអស់កម្លាំងកាយប្រាជ្ញាស្មារតី និងលះបង់ពេលវេលា មធ្យោបាយ ធនធាន ផ្ទាល់ខ្លួន ចុះបំពេញការងារនៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ផ្សារភ្ជាប់ ជិតស្និទ រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីចូលរួមដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ និងចូលរួមកសាងសមិទ្ធផលសង្គមលើគ្រប់វិស័យនៅមូលដ្ឋាន សំដៅលើកកម្ពស់នូវជំនឿ និងការគាំទ្ររបស់ ប្រជាជនមកលើគណបក្សយើង ចូលរួមធ្វើឱ្យគណបក្សទទួលបានជោគជ័យយ៉ាង ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ។ 

សម្ដេចក៏បានបង្ហាញការកត់សម្គាល់ថាគណៈកម្មាធិការគណបក្ស គ.២៧ បានរួមចំណែកធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផលការងារនានាជាច្រើន រួមចំណគែសម្រេចធ្វើឱ្យសម្រេចបានជោគជ័យនូវកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។ សម្ដចក៏បានលើកឡើងអំពីសភាពការណ៍តំបន់ និងសកលលោក មានការវិវត្តប្រែប្រួលយ៉ាងស្មុគស្មាញ ពិបាកប៉ាន់ស្មាន បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតមកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនក្នុងពិភពលោក  រួមទាំងកម្ពុជា។ 

សម្ដេចបន្តថាទន្ទឹមនេះ នៅផ្ទៃក្នុងប្រទេស ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ មួយចំនួន នៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតនិងប្រើប្រាស់គ្រប់ល្បិចកល ដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោល នយោបាយ និងវិធានការនានា ដោយមានការគាំទ្រ និងការចូលរួមពីមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស បន្តដឹកនាំអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងសម្រេចបានសមិទ្ធផលគ្រប់វិស័យ។ 

សមិទ្ធផលទាំងនោះ ត្រូវបានសម្ដេចពន្យល់ទៅកាន់អង្គពិធី រួមមានការរក្សាសន្តិភាព ស្ថេរភាពនយោបាយ កាពារបាននូវខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសវត្ថិភាពសង្គម, ការគោរពរដ្ឋធម្មនុញ្ញ គោរពនិងការពាររបបរាជានិយយម, លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិមនុស្ស, កំណែទម្រង់អភិបាលកិច្ចល្អ, ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩, រក្សាលំនៅសេដ្ឋកិច្ច និងការអនុវត្តបានយ៉ាងល្អនូវនយោបាយការបរទេស។ សម្ដេចបានចាត់ទុកស្នាដៃ និងសមិទ្ធផលការងារទាំងអស់នេះថាបានមកពីការចូលរួមពីគ្រប់ភាគី។ 

ពីវេទិកាសំណេះសំណាលនោះដែរ សម្ដចក្រឡាហោម ក៏បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្ស គ.២៧ បន្តខិតខំថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ សម្រាប់បង្កបរិយាកាសដល់យុទ្ធនាការ ឃោសនាបោះឆ្នោត ការបោះឆ្នោត ការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី និងការបន្ត និរន្តរភាពនៃការអភិវឌ្ឍសង្គមលើគ្រប់វិស័យ ពិសេសត្រូវរួមគ្នាធានាឱ្យការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាង មុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ។ 

សម្ដេចក៏បានណែឱ្យចូលរួមបំផុស អប់រំ លើកទឹកចិត្តប្រជាពលរដ្ឋអំពីតម្ល និងសារសំខាន់នៃការបោះឆ្នោត ដើម្បីប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងធ្វើការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ គ.ជ.ប ចូលរួមបង្ការទប់ស្កាត់រាល់សកម្មភាពនានា និងឧបាយកលដែល ប៉ុនប៉ងរំលោភបំពានបំផ្លាញដំណើរការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត ព្រមទាំង សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមតាមគ្រប់រូបភាព ជាពិសេសត្រូវលើកកម្ពស់ការគោរពអនុវត្តឱ្យបានត្រឹមត្រូវ នូវច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត។ 

មុននឹងបញ្ចប់សម្ដេចក៏បានរម្លឹកដាស់តឿនឱ្យមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុម ការងារគណបក្ស ដែលចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្ស ក្នុងពេលម៉ោងថ្ងៃបំពេញការងារ ត្រូវសុំច្បាប់ឈប់សម្រាកពីការងារតាមការកំណត់ និងមិនត្រូវប្រើប្រាស់ឯកសណ្ឋានការងារ យានយន្ត មធ្យោបាយ សម្ភារ ថវិកា របស់រដ្ឋ ចូលរួមក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនោះឡើយ៕