2023-05-04 12:05
413


សៀមរាប៖ ក្បូនដង្ហែ «ព្រះអគ្គិជ័យកីឡា» បានធ្វើដំណើរតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបចូលទឹកក្នុងទឹកដីក្រុងសៀមរាប ហើយនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះ នឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដែលបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ស្អែកនេះ។


«ព្រះអគ្គិកីឡា» ក្រោយពីបានវិលត្រឡប់ពីបណ្តាប្រទេសអាស៊ាន បានចូលដល់មាតុប្រទេសកម្ពុជាវិញ ហើយបានបន្តដំណើរក្បួនដង្ហែឆ្លងកាត់តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ហើយបានមកដល់ខេត្តសៀមរាប នៅថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៣ ត្រូវបានទទួលស្វាគមន៍ពីព្រះសង្ឃ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និង ត្រូវបានប្រគល់ជូនអាជ្ញាធរខេត្តសៀមរាប យកទៅរក្សាដំកល់ទុកព្រះអគ្គិជ័យកីឡា នៅវត្តរាជបូណ៌ ក្រុងសៀមរាប។ 
នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះ ត្រូវបានធ្វើការប្រគល់ដល់គណៈប្រតិភូគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើក៣២ អាស៊ានប៉ារ៉ាហ្គេមលើក១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ក្រោមការដឹកនាំរបស់ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។
ក្នុងការទទួលស្វាគមន៍នោះដែរ នៅមុខទីបញ្ជាការដ្ឋានយោធិភូមិភាគទី៤ ដែលមានលោកមេបញ្ជាការ បញ្ជាការរង នាយ នាយរងការិយាល័យ នាយទាហាន ពលទាហាន បានអញ្ជើញធ្វើការបដិសណ្ឋាកិច្ច ចំពោះគណៈប្រតិភូ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ដែលបានធ្វើការដង្ហែឆ្លង កាត់ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង តាមបណ្តោយផ្លូវជាតិលេខ៦  រហូតទៅដល់ព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តកំពង់ធំ ដើមី្បធ្វើការផ្ទេរប្រគល់បន្តដំណើរដង្ហែព្រះអគ្គិជ័យកីឡា និង គប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្ពោះទៅកាន់រាជធានីភ្នំពេញ នឹងទៅដល់ពហុកីឡាដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ប្រកបដោយទឹកមុខរីករាយស្រស់ស្រាយ ដោយមានលាយឡំនូវសម្រែកជ័យឃោសប្រកបដោយសុជីវធម៌បរិសុទ្ធ សន្តិភាព សាមគ្គីភាព ក្រោមប្រធានបទ (កីឡារស់ក្នុង សន្តិភាព)។


លោកឧត្តមសេនីយ៍ទោ  សុខ រិនណា មេបញ្ជាការរងយោធភូមិភាគទី៤  បានសង្ឃឹមយ៉ាងមុតមាំថា គ្រប់អត្តពលិកកម្ពុជាយើង និង បញ្ចេញនូវគ្រប់បច្ចេកទេសដែលខ្លួនបានហ្វឹកហាត់ ក្នុងការប្រកួតគ្រប់វិញ្ញាសារកីឡាស៊ីហ្គេម និង ទទួលបានមេដាយបានច្រើនជូនជាតិមាតុភូមិខ្លួន ។ លោកបានបន្តទៀតថា ព្រឹត្តិការណ៍ ស៊ីហ្គែមលើកទី៣២ និង អាស៊ាមប៉ារ៉ាហ្គែមលើកទី១២ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារងចាំអស់រយៈពេល៦៤ឆ្នាំ រហូតកម្ពុជាមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ ក្រោមប្រធានបទ (កីឡារស់ក្នុងសន្តិភាព) ជាមោទនៈភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលសបញ្ជាក់ឲ្យឃើញពីសុខសន្តិភាពបរិបូណ៌ និង ការអភិវឌ្ឍ លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបាន ធ្វើឲ្យកម្ពុជាមានអ្វីៗគ្រប់យ៉ាង និង ធ្វើឲ្យមានភាពសុសសាយលើឆាកអន្តរជាតិ ។ 
ក្នុងព្រឹត្តិការណ៍ស៊ីហ្គែមលើកទី៣២ និងអាស៊ាមប៉ារ៉ាហ្គែមលើកទី១២ ឆ្នាំ២០២៣ នេះ  កងកម្លាំងនៃយោធភូមិភាគទី៤ ក៏បានចូលរួមលើការងាររក្សាសន្តិសុខ សុវត្ថិភាព ជូនដល់ក្រុមកីឡាករ កីឡាការិនី និង ប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តក្នុងការប្រកួតស៊ីហ្គែមលើកទី៣២ និងអាស៊ាមប៉ារ៉ាហ្គែមលើកទី១២នេះ  ដែលមកប្រកួតវិញ្ញាសារជឹះកង់ឡើងភ្នំ ,រត់ និងដើរនៅលើទឹកដីខេត្តសៀមរាបផងដែរ៕