2024-01-30 12:01
64

ភ្នំពេញ៖     ក្រុមជនសង្ស័យប្រុស-ស្រី ចំនួន ០៥នាក់ ពាក់ព័ន្ធករណីលួច និងប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។ 
   សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា មុខសញ្ញាលួច ឆក់ និងប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង ០៥នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៥ ទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ។ ប្រភពបន្តទៀតថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួច ឆក់ ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌសែនសុខជាបន្តបន្ទាប់ ។ 
   នគរបាលបានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០៥នេះតែម្ដង ។ 
នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពព្រួតគ្នាវាយ ទាត់ធាក់ និងប្រើប្រាស់កាំភ្លើងខ្លីភ្ជង់ជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចជាច្រើនករណីផងដែរ ។ 
  ក្រោយធ្វើការបង្ហាញមុខជាសាធារណៈជនសង្ស័យទាំង ០៥នាក់នេះត្រូវបាននគរបាលបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕