2023-09-29 04:09
211

(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់លោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រីថៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

សូមជម្រាបថា លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីថ្មីថៃ បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង៧៖០០យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង រយៈពេលពេញ១ថ្ងៃ ប្រកបដោយផ្លែផ្កា។

ជំនួបនេះបានធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្រ្តីថ្មីថៃ បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញបំពាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ និងជួបសម្តែងការគួរសមចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។

លោក សេដ្ឋា ថាវីស៉ីន បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូង តបតាមការអញ្ជើញរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីលោកបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្ត្រីថៃ មកកាន់កម្ពុជា ជាពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ៕