2023-10-15 03:10
396

ពោធិ៍សាត់៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អាជ្ញាធរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធរៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រព្រះវររាជបិតាជាតិគម្រប់ខួបទី១១ឆ្នាំ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីរំលឹក និងសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពល ដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ 

ពិធីនេះ បានប្រព្រឹត្តធ្វើឡើង នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅបូរីវប្បធម៍កោះសំពៅមាស  ដែលមានការនិមន្តព្រះសង្ឃសូត្រមន្ត និងចម្រើនព្រះបរិត្តដើម្បីឧទ្ទិសដល់វិញ្ញាក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ និងមានកិច្ចប្រោសព្រំសូមសេចក្តីសុខ សេចក្តីចម្រើនជូន ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តផងដែរ។ 

នៅក្នុងពិធីនៃកិច្ចចាប់ផ្ដើមថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បានអុចទៀនធូបគោរពព្រះវិញ្ញាណក្ខន្ធ ដោយសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការយាងចូលទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និង បង្រួបបង្រួមជាតិខ្មែរ ព្រមទាំងសូមបួងសួងដល់គុណព្រះរតនត្រ័យវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សាការពារដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គ “ព្រះបរមរតនកោដ្ឋ” សូមព្រះអង្គបានយាងកំណើតទៅកើតនៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 

គួរំលឹកថា នៅថ្ងៃ១៥ រោចខែភទ្របទឆ្នាំរោងចត្វាស័កពុទ្ធសក ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១និង២០នាទី រំលងអធ្រាត្រ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរទ្រង់បានសោយទិវង្គតក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធនៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅថ្ងៃនេះប្រជាពលរដ្ឋខ្មែរតែងតែ “ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណាសម្តេចព្រះមហាវីរក្សត្រនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” រៀងរាល់ឆ្នាំ៕ លាន គ្រន