2024-03-04 11:03
59

កំពង់ស្ពឺ: នៅក្នុងដឹកនាំមន្ត្រីជំនាញចុះពិនិត្យការងារថែទាំប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង ស្ថិតក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ លោក ផាង វី បានក្រើនរំលឹកដល់មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺសូមបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការងារថែទាំនិងជួសជុលសំណង់ទ្វារទឹកទាំងអស់ដែលរងការខូចខាតនិងមានសភាពចាស់ទ្រុឌទ្រោម ធ្វើយ៉ាងណាធានាដល់និរន្តភាពហានិភ័យដែលកើតមានឡើងជាយថាហេតុ។

លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងទៀតថា ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើងមានប្រភពទឹកពីស្ទឹងព្រែកត្នោត និងអាងទឹកចាន់ថ្នាល ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ២.៤៦៣ហិកតា ស្រូវប្រាំងចំនួន ២៧៥ហិកតា និងដំណាំរួមផ្សំចំនួន ៣០   ហិកតាហើយប្រពន្ធ័ធារាសាស្ត្រនេះក៏ជាប្រភពទឹកដែលអាចចែកចាយទៅផ្នែកខាងក្រោមទៀត សម្រាប់ប្រើប្រាស់និងស្រោចស្រព ហើយនៅជុំវិញនោះក៏មានប្រជាពលរដ្ឋរស់នៅជាច្រើនគ្រួសារផងដែរ ។

លោកផាង វី បាន គូសបញ្ជាក់ថាដើម្បីធានាដល់និរន្តភាព សុវត្ថិភាពនៃការស្រោចស្រព និងការរស់នៅរបស់ប្រជាពលរដ្ឋ ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយ ប្រពន្ធ័ធារាសាស្ត្រនេះ មន្ត្រីបច្ចេកទេសត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យជាប្រចាំ និងជួសជុលឡើងវិញនូវរាល់សំណង់ទ្វារទឹកទាំងអស់ដែលមើលឃើញថា មានសភាពចាស់ទ្រុឌទ្រោមដើម្បីធានាដល់សុខសុវត្ថិភាពប្រជាពលរដ្ឋនិងហានិភ័យផ្សេងៗ។

ជាមួយគ្នានោះដែរ លោកប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស រួមជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ក៏បានចុះពិនិត្យវឌ្ឍនភាពការងារដែលមន្ត្រីបច្ចេកទេសបាន និងកំពុងអនុវត្តការងារជួសជុលប្រឡាយមេចំនួន ១ខ្សែប្រវែង ១៤.៥០០ម៉ែត្រ លើ ២៤.០០០ម៉ែត្រ ការងារជួសជុលសំណង់បង្ហៀរចំនួន ២កន្លែងប្រវែង ២៥ម៉ែត្រ ការងារជួសជុលសំណង់សិល្បការចំនួន ២៥កន្លែង មានទ្វារទឹកចំនួន ១១សន្លឹកនិងការងារសាងសង់សំណង់សិល្បការថ្មីចំនួន ៣កន្លែង ផងដែរ ។