2024-02-16 03:02
79

ភ្នំពេញ៖រ៉ឺម៉កមួយគ្រឿងដឹកចានស្នោរសំពីងសំពង ចៃដន្យស្រាប់ធ្លាក់ចានស្នោរមួយដុំមកលើផ្លូវ ស្របពេលនោះស្រាប់តែមានស្រ្តីម្នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយ គេចមិនទាន់ក៏ជាន់ពីលើ បណ្តាលឲ្យដួលរងរបួសយ៉ាងធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្រ្តីរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1S-0620 ធ្វើដំណើរពីក្រោយរ៉ឺម៉ក១គ្រឿងដឹកចានស្នោសំពីងសំពង  ក្នុងទិសដៅ ពីត្បូងទៅជើង ។លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែចានស្នោ១ថង់ធំបានជ្រុះធ្លាក់មកលើផ្លូវ ខណៈនោះស្រ្តីរងគ្រោះគេចមិនទាន់ក៏បានកិនពីលើ បណ្តាលឲ្យដួលរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។

បន្ទាប់ពីកើតហេតុក៏មានសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងបានជួយដឹកបញ្ជួនស្រ្តីរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។ចំណែករ៉ឺម៉ក និងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងរួចបានយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។