2024-03-23 02:03
35

នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) សហការជាមួយអង្គការអុកស្វាមប្រចំានៅកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ក្រមសីលធម៌ និងក្រមប្រតិបត្តិសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ             ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក.និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ រួមនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., តំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់ផងដែរ ។ 
    សិក្ខាសាលានេះបានរៀបចំទ្បើងក្នុងគោលបំណងសំខាន់ចំនួន២ គឺទី១ទទួលមតិយោបល់ពីតំណាងអង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍ដែលបាននិងកំពុងធ្វើការងារពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីក្រមសីលធម៌ និងក្រមប្រតិបតិ្តរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ  សំដៅធ្វើឱ្យវិធានដ៏មានសារៈសំខាន់នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងអាចយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាពនិងទី២បង្កើតឱកាសក្នុងការជួបសន្ទនាបើកទូលាយជាមួយតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងយល់កាន់តែច្បាស់ និងអាចចូលរួមចំណែកកាន់តែសកម្មជាមួយ  អ.ដ.ក.ក្នុងបេសកកម្មចុះជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

   នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. បានគូសបញ្ជាក់ថានេះជាលើកទី៣ហើយដែលអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំនូវវេទិកាពិគ្រោះយោបល់ជាមួយគ្រប់តួអង្គពាក់ព័ន្ធ ពិសេសជាមួយតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ បើគិតចាប់តាំងពីមុនការបង្កើតនូវអាជ្ញាធរជាតិនេះទ្បើង ហើយ  ឯកឧត្តម បណ្ឌិត  បានចាត់ទុកថា អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ គឺជាដៃគូដ៏ល្អមួយរបស់  អ.ដ.ក. ក្នុងការជួយពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
   សូមបញ្ជាក់ថាបន្ទាប់ពីការធ្វើបទបង្ហាញដោយឯកឧត្តម ប៉ូច សោភ័ណសមាជិកអ.ដ.ក. លើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីក្រមសីលធម៌ និងក្រមប្រតិបត្តិសម្រាប់មន្ត្រីសម្រុះ សម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ក៏បានដឹកនាំនូវកិច្ចពិភាក្សា ដោយមានការចូលរួមជាមតិយោបល់ និងសំណួរយ៉ាងផុសផុលពីសំណាក់អង្គសិក្ខាសាលាទាំងមូល។ ជាលទ្ធផល អង្គសិក្ខាសាលាបានសម្តែងនូវការគំាទ្រលើការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចនេះទ្បើង ហើយចាត់ទុកថា វិធាននេះមានភាពចាំបាច់ដើម្បីធានាឱ្យកិច្ចដំណើរការសម្រុះសម្រួលផ្សះផ្សាវិវាទដែលធ្វើទ្បើងដោយមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នឹងអាចប្រព្រឹត្ត ទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានជំនឿទុកចិត្តពីភាគីពាក់ព័ន្ធ ។