2024-03-14 01:03
48

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការចាប់ឃាត់ខ្លួន និងបង្ហាញមុខជាសាធារណៈនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ មុនបញ្ជូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីធ្វេីការបង្ក្រាបជាក់ស្តែងបទល្មើសអំពើ លួច (ម៉ូតូ) កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចវាលស្រែ ផ្លូវលំ ស្ថិតនៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

     ជនរងគ្រោះឈ្មោះ ធី ស្រីនិច ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រីឯជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ អូន បូរ៉ាន់ ហៅ ពាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

   សម្ភារៈបាត់បង់៖ គ្មាន
   វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ1DH-3294 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) , ២/សោខ្សៀលេខ៨ចំនួន០១, ៣/ដែកសំប៉ែតចុងស្រួចសម្រាប់កាច់សោ.កម៉ូតូចំនួន០១, ៤/ទូរស័ព្ទដៃម៉ាកណូគាអិនចុចពិលចំនួន០២គ្រឿង ពណ៌ខ្មៅ០១គ្រឿង ពណ៌ផ្កាឈូក០១គ្រឿង (មិនដំណើរការ) ៥/កាបូបលុយពណ៌ខ្មៅចំនួន០១ (របស់ជនសង្ស័យ)។

     សមត្ថកិច្ចបានបញ្ចាក់ថា ៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៣០នាទី ជនរងគ្រោះឈ្មោះ  ធី ស្រីនិច ភេទស្រី អាយុ២៧ឆ្នាំ និងប្តីឈ្មោះ ស៊ីណា វិទូ អាយុ៣០ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ1DH-3294 ឌុបគ្នាចេញពីផ្ទះ ស្ថិតនៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅមើលម៉ាស៊ីនបូបទឹកដាក់ស្រែ នៅវាលស្រែខាងត្បូងភូមិហារ សង្កាត់ស្ពានថ្ម ខាងលើ ។ ពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូនៅលើភ្លឺស្រែក្បែរម៉ាស៊ីនបូមទឹក រួចជនរងគ្រោះ និងប្តីបានដើរមើលទឹកស្រែ និងដកស្មៅនៅក្នុងស្រែ ដែលមានចំងាយពីម៉ូតូប្រវែង១០០ម៉ែត្រ ។ រហូតដល់វេលាម៉ោង១៤និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានក្រឡេកមើលទៅម៉ូតូ ស្រាប់តែឃើញជនសង្ស័យឈ្មោះ អូន បូរ៉ាន់ ហៅ ពាវ ភេទប្រុស អាយុ៣២ឆ្នាំ កំពុងតែធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឃើញដូចនេះជនរងគ្រោះ និងប្តីក៏បានស្រែកឆោឡោថាចោរៗ និងស្ទុះរត់សំដៅទៅកន្លែងម៉ូតូ ។ ហើយជនសង្ស័យបានឡើងជិះលើម៉ូតូដោលជើងទៅមុខបានចំងាយ៥០ម៉ែត្រ ជនសង្ស័យក៏បានផ្តួលម៉ូតូរត់គេចខ្លួនទៅក្នុងស្ទឹងព្រែកត្នោត ស្ថិតនៅភូមិហារខាងលើ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម ដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ បានជួយអន្តរាគមន៍ ធ្វើការឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យបាន រួមនិងវត្ថុតាង  ខាងលេី យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្មតាមនីតិវិធីច្បាប់ ។

     ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកចំនួន០២នាក់ទៀត ទី០១ឈ្មោះ យ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ទី០២ឈ្មោះ សាត ភេទប្រុស អាយុ៣៦ឆ្នាំ (ដែលបានគេចខ្លួន )ពិតជាបានជិះម៉ូតូ០១គ្រឿងម៉ាកស៊ីរ៉ូស ពណ៌ក្រហម មិនចាំផ្លាកលេខ ឌុបគ្នាមកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕