2023-10-26 01:10
443

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានសរសេរលើបណ្តាញសង្គម ដើម្បីពន្យល់អំពីធាតុចូលពាក់ព័ន្ធអំពើហិង្សាដែលប្រព្រឹត្តដោយអនីតិជន បន្ទាប់ពីមានករណីហិង្សាកំពុងផ្ទុះភាពល្បីល្បាញក្នុងបណ្តាញសង្គមបង្កដោយសិស្សស្រីនៃសាលាសុវណ្ណភូមិវាយលើមិត្តភក្តិរួមថ្នាក់ ព្រោះតែទំនាស់គ្នាបន្តិចបន្ទួច ហើយត្រូវបានសម្របសម្រួលបញ្ចប់រឿងដោយភាគីបង្កសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាចំពោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែ១។ 

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានសរសេរយ៉ាងដូច្នេះថា៖ ខ្ញុំបាទសូមអនុញ្ញាតចូលរួមផ្តល់នូវធាតុចូលពាក់ព័ន្ធនឹងអំពើហិង្សាដែលប្រព្រឹត្តដោយអនីតិជន សូមបង្ហាញអំពីប្បញ្ញត្តិចែងក្នុងក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដូចខាងក្រោម៖ 

១- មាត្រា២២៨ បទហិង្សាស្រាល៖ អំពើប្រព្រឹត្តទៅលើអ្នកដទៃនូវហិង្សាស្រាល ដែលមិននាំឱ្យមានរបួសទេនោះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០រៀល ទៅ ១០០.០០០រៀល។ (បទល្មើសនេះ ជាបទលហុ ដូច្នេះជាបទល្មើសតូចតាច ត្រឹមពិន័យជាប្រាក់ ហើយមិនអាចឃាត់ខ្លួននោះទេ)។ 
២- មាត្រា៣៨ និងមាត្រា៣៩៖ កំណត់អាយុចាប់ពី ១៨ឆ្នាំឡើងទៅ ទើបទទួលខុសត្រូវព្រហ្មទណ្ឌ។ កាលណាអនីតិជនប្រព្រឹត្តបទល្មើសច្បាប់បានបញ្ជាក់ច្បាស់ថា “អនុវត្តវិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភ”។ 
៣- មាត្រា១៣ និងមាត្រា១៤៖ គឺនិយាយអំពីការខូចខាត ដូចជា ខាងសម្ភារៈ ខាងរូបកាយ ឬខាងផ្លូវចិត្ត។ ការជួសជុលនោះ បង់ជំងឺចិត្ត សងទ្រព្យសម្បត្តិ ឬជួសជុលឱ្យវិញ។ សំណងជំងឺចិត្តត្រូវតែមានលក្ខណៈធួនល្មម។ 

ដូច្នេះ ការអនុវត្តវិធានការអប់រំ ឱ្យដឹងកំហុស ហើយសុំទោស គឺចប់រឿងក្តីនោះហើយ។ ត្រូវចាំថា ការដាក់ទោសទណ្ឌមិនមែនជាការសងសឹកទេ គឺជាការកែប្រែអំពើដែលបុគ្គលនោះប្រព្រឹត្តខុស ឱ្យបុគ្គលនោះដឹងកំហុសឈប់ប្រព្រឹត្តអំពើល្មើសតទៀត។ 

សូមជម្រាបថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៣០នាទី កើតហេតុក្នុងសាលាសុវណ្ណភូមិ នៅចំណុច បណ្តោយផ្លូវលេខ ៩០៧ ក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ មានករណីទំនាស់វាយគា្នរវាងសិស្សនិងសិស្ស ចំនួន ០២នាក់ស្រី ត្រូវបានគេបង្ហោះ និងចែកចាយវីដេអូ នៃអំពើហិង្សានោះផ្ទុះពេញបណ្តាញសង្គម។ លុះដល់នៅថៃ្ងទី២៥ ខែតុលា ឆាំ្ន២០២៣ វេលាម៉ោង ១៤និង៣០នាទី កម្លាំងនគរបាលប៉ុសិ្ត និងខណ្ឌបានអញ្ជើញអាណាព្យាបាលសិស្សទាំងសងខាងមកប៉ុស្តិ៍ ដើម្បីធើ្វការសម្របសម្រួលគ្នាករណីខាងលើនេះដោយភាគីជនរងគ្រោះអោយ ភាគីបង្កថតឡាយវីដេអូសុំទោសជាសាធារណះ និងធើ្វកិច្ចសន្យាពុំមានគុំគួន+បញ្ឈប់ចេញជាសារសំឡេងផ្សេងៗ៕