2024-02-23 04:02
55

ដោយសារកំណើន អ្នកជំងឺគ្រុនឈាមមានការកើនឡើងគួរអោយព្រួយបារម្ភនោះ ពោលគឺនៅក្នុងរយ:ពេល៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន១០០០នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដោយហេតុនេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំមួយ ជាមួយនឹងមន្ទីរសុខាភិបាល មន្ទីរពាក់ព័ន្ធនិង អភិបាលខណ្ឌទាំង ១៤ដើម្បីរិះរកវិធានការធ្វើយ៉ាងណា កាត់បន្ថយឲ្យបាននូវការរីករាលដាលនៃជំងឺគ្រុនឈាមនេះ ។

 នៅក្នុងកិច្ច​ប្រជុំរៀបចំផែនការបាញ់ថ្នាំសម្លាប់មូសនៅតាម​មូលដ្ឋាន​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ​ នា​រសៀល​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ នៅសាលារាជធានី​ភ្នំពេញ​ ឯកឧត្តមឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​បានថ្លែងកោតសរសើរនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះ កងពលតូចលេខ៧០ដែលតែងតែបានជួយប្រជាពលរដ្ឋលើវិស័យសុខាភិបាលកន្លងមក។

  ឯកឧត្តមឃួង ស្រេង បន្តថា តាមរយៈរបាយការណ៍ដែលបានបង្ហាញ ជម្ងឺគ្រុនឈាមបានកើតគួរឲ្យព្រួយបារម្មណ៍ដែលទាមទារឲ្យយើងគ្រប់គ្នាមានវិធានការដោះស្រាយពិសេសគឺ អនុវត្តវិធានការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងការប្រើប្រាស់ថ្នាំអាបែតសម្លាប់ដង្កូវទឹកជាដើម។

  ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏ បានជំរុញឱ្យ អាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះពិនិត្យមើល មូលដ្ឋានរបស់ខ្លួនពិសេសចំពោះទីតាំងដែលបង្ករលក្ខណៈឲ្យមូសអាចរស់នៅបាន ដើម្បីយើងមានវិធានការកម្ចាត់មូសទាំងនោះចោល។ មន្ទីរសុខាភិបាល ត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើវិស័យសុខាភិបាល ពោលគឺធ្វើយ៉ាងណា កុំឲ្យជម្ងឺគ្រុនឈាមនេះកើនឡើងថែមទៀត។

   លោកងី មានហេង នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា នៅ៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន១០០០នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ជុំវិញបញ្ហានេះ ក្រោយពីមានការណែនាំពី ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណៈមន្ទីរសុខាភិបាលនិងបែងចែកក្រុមការងារជា៤ក្រុមដើម្បីបាញ់ថ្នាំសម្លាប់សត្វមូស ដោយដំបូងនេះ យើងនឹងបាញ់ថ្នាំសម្លាប់មូលនៅខណ្ឌចំនួន៤ នោះមានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោនិងខណ្ឌកំបូល ដោយចាប់អនុវត្តកិច្ចការងារនេះ ចាប់ពីថ្ងៃនេះទៅ៕