2023-07-11 07:07
202


ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលជំនាញ នៃស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ក្រោយសាកសួរបញ្ចប់នីតិវិធី។ 


   ប្រភពដដែលបន្តថា ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើការចុះបង្ក្រាបករណីគ្រឿងញៀនមួយករណី នៅចំណុចចំការខ្នុរស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ មានឈ្មោះ ស៊ូរ ចំរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ និងទូរស័ព្ទដៃចំនួន០១គ្រឿង។ 
   មន្រ្តីដដែលបន្តថា លុះនៅថ្ងៃដដែលកម្លាំងជំនាញបន្តឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចផ្លូវកែងអាឡាំងឌឺឡុង សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យមានឈ្មោះ វ៉ាន់ ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកសំណង់ មានទីលំនៅភូមិ៤ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (ជាម្ចាស់ម្ស៉ៅសថ្លាសង្ស័យសារធាតុញៀន០២កញ្ចប់ខាងលើ) ។ ដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃចំនួន០២គ្រឿង ។

   បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះ ត្រូវសមត្ថកិច្ចជំនាញត្រៀមបញ្ជូនខ្លួនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១០ កក្ដដានេះដេីម្បីបន្តនីតិវិធី៕