2023-12-22 06:12
149

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការបង្កើតក្រុងរុនតាឯក នៃខេត្តសៀមរាប ក្នុងនោះសម្រាប់ភូមិសាស្ត្រក្នុងការបង្កើត ក្រុងរុនតាឯកអាចនឹងមានផ្នែកខ្លះកាត់ចេញពីស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម។
   បន្ទាប់ពីកិច្ចប្រជុំនេះ មន្ត្រីជំនាញ បានចុះពិនិត្យពីស្ថានភាពភូមិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំបល័ង្គ ស្រុកប្រាសាទបាគង ឃុំខ្នារពោធិ ស្រុកសូទ្រនិគម និងឃុំរុនតាឯក ឃុំត្បែង ស្រុកបន្ទាយស្រី។
   កិច្ចប្រជុំ និងការចុះពិនិត្យពីស្ថានភាពភូមិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនេះ បានធ្វើឡើងក្រោមវត្តមានលោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមដំណើរដោយលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមទាំងលោកជាអគ្គនាយកដ្ឋាន និងសហការី ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។
   លោក ប្រាក់ សោភ័ណ បានរម្លឹកថា ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលមានប្រជាពលរដ្ឋរស់នៅ៤៤២គ្រួសារ ហើយត្រូវបានអាជ្ញាធរជាតិអប្សរាបានអភិវឌ្ឍជាភូមិធម្មជាតិរុនតាឯក ដោយបងប្អូនមានលំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានស្ម័គ្រទៅរស់នៅទីនោះ ដោយមានផ្តល់ផ្ទះ និងដីកសិកម្មផងដែរ។
   នៅក្នុងដំណាក់កាលទី៣ រាជរដ្ឋាភិបាលបានផ្តល់ដីឡូត៌ចំនួន ១០១២៦ឡូត៌ ដើមី្បធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ដែលរស់នៅដីចំណីស្ទឹងសៀមរាប ក្នុងពេលធ្វើការអភិវឌ្ឍន៍ផ្លូវ៣៨ខ្សែ និងរៀបចំសោភណ្ឌភាព ដងស្ទឹងសៀមរាប។ នៅក្នុងដំណាក់កាលទី៤នេះ រាជរដ្ឋាភិបាលបានផ្តល់ជូនដល់ប្រជាពលរដ្ឋស្ម័ត្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មានដី ៥០៨៦៥ឡូត៌ មានប្រជាពលរដ្ឋ ៥០៨៦៥គ្រួសារ។
   លោក ប្រាក់ សោភ័ណ បានបន្តថា ក្នុងពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានទៅរស់នៅតំបន់រុនតាឯក មានចំនួន ៦០៤៤៥គ្រួសារ ដោយក្រុមការងារបានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធទឹកកខ្វក់ ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី សាលាស្រុក សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្សារ លក់ដូរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ។
   លោកបន្តទៀតថា ការរៀបចំក្រុងរុនតាឯកនេះ ដោយអនុវត្តទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯក ឲ្យក្លាយទៅជាក្រុងមួយ ដ៏ស្រស់ស្អាតរបស់ខេត្តសៀមរាប ក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ជាការលើកទឹកចិត្តប្រជាពលរដ្ឋ ដែលនៅសេសសល់ ដែលគ្រោងឲ្យពួកគាត់ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីតំបន់រុនតាឯក គឺនៅសល់តំបន់ពាក់ស្នែង ស្រុកអង្គរធំ ដែលមានដីឡូត៌ច្រើនជាងនៅរុនតាឯកផងដែរ។
   លោកបានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, ពលរដ្ឋនៅតំបន់រុនតាឯក បានទទួលប័ណ្ណសមធម៌ ក្រោយបានចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ក្នុងរយៈពេល១០ឆ្នាំ ក្នុងការទ្រទ្រង់ជីវភាពរបស់បងប្អូនទៅកាន់ទីតាំងថ្មី។
   ទន្ទឹមនឹងនោះដែរលោក ប្រាក់ សំអឿន បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ក្នុងពេលធ្វើការរៀបចំក្រុងនេះ ដោយផ្តោតទៅលើសតិអារម្មណ៍របស់ប្រជាពលរដ្ឋ សំខាន់ចំពោះជីវភាពនៃ ការរស់នៅរបស់បងប្អូន។ លោកបន្តថា ក្នុងដំណើរចុះជួបបងប្អូនប្រជាពលរដ្ឋ ពួកគាត់មានចិត្តត្រេកអរ និងសាទរ ដោយភូមិសាស្ត្រភូមិឃុំរបស់ពួកគាត់បានក្លាយទៅជាក្រុង ដែលធ្វើឲ្យដីធ្លីរបស់ពួកគាត់កាន់តែមានតម្លៃខ្ពស់ ដូចនៅក្រុងសៀមរាបផងដែរ។
   លោក ប្រាក់ សំអឿន បានបញ្ជាក់ថា ដោយផ្អែកទៅលើការវិនិច្ឆ័យក្នុងការបង្កើតជាទីក្រុង និងផ្តោតទៅលើចំនួនប្រជាពលរដ្ឋជាធំ និងសក្តានុពលផ្នែកសេវាកម្ម ពាណិជ្ជកម្ម ប្រព័ន្ធរោងចក្រ ឧស្សាហកម្ម ដែលមានកសិកម្ម ៣០%យ៉ាងច្រើន។ ម៉្យាងទៀតតាមការពិនិត្យមកនេះ ទៅលើឃុំ៣ គឺមានតែឃុំពីរទេ ដែលអាចបង្កើតជាក្រុងបាននោះ គឺឃុំរុនតាឯក ស្រុកបន្ទាយស្រី និងឃុំបល័ង្គ ស្រុកប្រាសាទបាគង ដែលជាឃុំមានហេដ្ឋា រចនាសម្ព័ន្ធសមស្រប ទៅនឹងលក្ខ័ន្តក្នុងការបង្កើតទីក្រុងបាន។
   លោករដ្ឋលេខាធិការ បានជំរុញ និងណែនាំដល់អាជ្ញាធរខេត្ត ត្រូវធ្វើការពិភាក្សាឲ្យបានជាក់លាក់ជាមួយក្រុមប្រឹក្សាខេត្ត ក្នុងការដាក់ឈ្មោះទីក្រុងថ្មីនេះ ព្រមទាំងត្រូវពន្លឿនក្នុងការរៀបចំធ្វើសំណើរជាបន្ទាន់ ដើមី្បដាក់ជូនដល់ រាជរដ្ឋាភិបាល និងស្មើសុំទៅរដ្ឋសភា សុំការសម្រេចជាផ្លូវការ។ ម៉្យាងទៀត តំបន់រុនតាឯកនេះ ក៏ជាសក្តានុពលនៃវិស័យ ទេសចរណ៍មួយរបស់ខេត្ត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅកម្សាន្ត ហើយក៏ជាប្រភពចំណូលសេដ្ឋកិច្ច របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕