2023-10-26 09:10
427

សៀមរាប៖ រឿងអាស្រូវរបស់ព្រះភិក្ខុ សឿត សុម៉ៅសុវណ្ណរ៉ា ជាព្រះគ្រូចៅអធិការវត្តវេឡុវ័នដោកពោយគោកក្រោល ប្រើអំពើហិង្សាវាយកូននេន ០២អង្គបណ្តាលឲ្យបែកធ្លាយក្បាល ប៉ុន្តែសមត្ថកិច្ចមិនបានអនុវត្តតាមផ្លូវច្បាប់ឡើយ ដោយភាគីចៅអធិការវត្ត និងអាណាព្យាបាលកូននេនធ្វើកិច្ចសន្យាបញ្ចប់រឿងត្រឹមបុគ្គល ខណៈសកម្មភាពហិង្សានោះ ជាបទល្មើសព្រហ្មទណ្ឌមិនអាចលើកលេងបានឡើយ បើពុំដូច្នេះវានឹងក្លាយទៅជាវប្បធម៌និទណ្ឌភាពក្នុងសង្គមកម្ពុជា។ 

ពាក់ព័ន្ធករណីហិង្សាលើកកូននេន ដែលបង្កដោយចៅអធិការវត្តគោកក្រោលនោះ អង្គភាពយើងទទួលបានកិច្ចសន្យាលើកទី២ របស់ព្រះគ្រូចៅអធិការវត្តព្រះនាម សឿត សុម៉ៅសុវណ្ណរ៉ា បានសរសេរថា៖ កិច្ចសន្យា បញ្ឈប់សកម្មភាពបើប្រាស់អំពើហិង្សាលើសាមណេរ (លើកទី២) អាត្មាភាពព្រះនាម សឿត សុម៉ៅសុវណ្ណរ៉ា ជាព្រះគ្រូចៅអធិការវត្តវេឡុវ័នដោកពោយគោកក្រោល មានទីតាំងស្ថិតនៅក្នុងភូមិឫស្សីសាញ់ ឃុំជ្រោយនាងពួន ស្រុកស្រីស្នំ ខេត្តសៀមរាប សូមធ្វើកិច្ចសន្យាដូចខាងក្រោមនេះ៖ 

១- ស្វែងយល់ពីច្បាប់នានា របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសច្បាប់ស្ដីពី ការទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ, ច្បាប់ស្ដីពីសិទ្ធិមនុស្ស, ច្បាប់ស្តីពីការ ទប់ស្កាត់ការជួញដូរ ការកេងប្រវ័ញ្ច និងការប្រើប្រាស់ពលកម្មកុមារ។ល។ 
២- អាត្មាភាពឈប់អប់រំភិក្ខុ និងសាមណេរ តាមបែបប្រើប្រាស់អំពើហិង្សាវាយដំរាងកាយ ចាប់ពីថ្ងៃនេះ តទៅ និងសូមកែប្រែនូវការអប់រំ ទូន្មានប្រដៅទៅតាមបែបវិន័យព្រះពុទ្ធសាសនា និងអហិង្សាវិញ ដោយប្រៀនប្រដៅដោយយុត្តិធម៌ និងមិនលំអៀង។ 
៣- ចាប់ពីថ្ងៃនេះតទៅ អាត្មាភាពមិនមានការស្អប់ខ្ពើម រើសអើង ឬគុំគួនដល់ភិក្ខុ និងសាមណេរដែលបានប្រព្រឹត្តខុសឆ្គងឡើយ និងបន្តដឹកនាំភិក្ខុ និងសាមណេរ នៅក្នុងវត្តដើម្បីឱ្យមានភាពរីកចម្រើនប្រកបដោយកិត្តិយស លើកស្ទួយវិស័យព្រះពុទ្ធសាសនា។ 
៤- អាត្មាភាពព្រមជួយចេញថ្លៃព្យាបាលដល់សាមណេរដែលរងរបួសទាំងអស់។ 

រាល់ការសន្យាខាងលើនេះ អាត្មាភាព សូមភាពប្រតិបត្តិតាមគ្រប់ចំណុចទាំងអស់ បើថ្ងៃក្រោយកើតមានហេតុការណ៍ដូចខាងលើទៀត អាត្មាភាពសូមលាចាកសិក្ខាបទតាមវិន័យព្រះពុទ្ធសាសនា និងសូមទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន និងសូមផ្តិតស្នាមមេដៃស្តាំ ទុកជាភស្តុតាង។ 

ពាក់ព័ន្ធរឿងរ៉ាវខាងលើអង្គភាពសារព័ត៌មាន MSJ TV មិនសុំការបកស្រាយបន្ថែមពីព្រះភិក្ខុ សឿត សុម៉ៅសុវណ្ណរ៉ា ជាព្រះគ្រូចៅអធិការវត្តវេឡុវ័នដោកពោយគោកក្រោល ប្រើអំពើហិង្សាវាយកូននេន ០២អង្គនោះបានឡើយ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ៕