2024-03-27 04:03
35

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ លើទី២ នៅក្រសួងមហាផ្ទៃ  នាព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៤  ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានណែនាំដល់ ថ្នាក់ដឹកសហព័ន្ធ ឲ្យជ្រើសរើសកីឡាករកីឡាការិនី ត្រៀមហ្វឹកហាត់ចូលរួមប្រកួត កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែល       កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ត្រូវយកចិត្តទុកដាក់បានខ្ពស់បំផុត ទៅតាមជំនាញ និង ប្រភេទអាយុ ព្រោះការប្រកួតតាមប្រភេទកីឡានីមួយៗមានលក្ខន្តិកៈច្បាប់កំណត់ប្រភេទអាយុ យុវជនចូលរួមខុសៗគ្នា ។ ដូច្នោះសូមតាមដានពិនិត្យមើលប្រភេទកីឡារបស់យើង នឹងជ្រើសរើសឲ្យត្រូវតាមប្រភេទអាយុដែលបានកំណត់ជៀសវាងការជ្រើសរើសខុសអាយុដល់ពេលប្រកួត គឺលើសអាយុប្រកួតមិនបាន ធ្វើឲ្យខាតពេលវេលាក្នុងការបណ្តុះបណ្តាល។ 

ឯកឧត្តម ប្រធានសហព័ន្ធ ក៏បានណែនាំឲ្យធ្វើការត្រួត ពិនិត្យនិងវាយតម្លៃតាមបណ្តាលប្រទេសក្នុងតំបន់អាស៊ានលើប្រភេទកីឡាទូក ដើម្បីចាត់ចំណាត់ថ្នាក់ ក្នុងតំបន់អាស៊ាន ថាកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខប៉ុន្មាន និង ពិភពយើងនៅចំណាត់លេខប៉ុន្មាន ដើម្បីយើងដាក់ផែនការសម្រួចសមត្ថភាពពីមួយឆ្នាំទៅមួយឆ្នាំ និង មានការផ្លាស់ប្តូរឈានទៅរកគុណភាព ក្នុងការប្រកួតប្រជែងនាំយកមេដាយជូនជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធាន បានចង្អុលបង្ហាញ ឲ្យអនុប្រធានត្រូវជ្រើសរើសយុវជនឲ្យបាន២០%ក្នុងចំណោមកីឡាករកីឡាការិនីជម្រើសជាតិហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតអន្តរជាតិនានា ក្នុងនោះ ក៏មានកីឡាករកីឡាការិនីយុវជនបំរុងបន្ថែមពីចំនួន៤ទៅ៥នាក់ផងដែរ។  ដោយឡែក ឯកឧត្តម អភិសន្ដិបណ្ឌិត ក៏បានជម្រុញឲ្យថ្នាក់ដឹកនាំ យកចិត្តទុកដាក់ខ្ពស់ផងដែរ ចំពោះបញ្ហាគ្រឿងញៀនដោយតម្រូវឲ្យមានការធ្វើតេស្ត រកសារធាតុញៀនសម្រាប់កីឡាករកីឡាការិនីជម្រើសជាតិ និង កីឡាករកីឡាការិនីតាមបណ្តា រាជធានីខេត្តផងដែរ  ។ 

ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា សម្រាប់ការប្រកួតចាប់ពីឆ្នាំ២០២៤នេះតទៅ សហព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ លើចលនាផ្សព្វផ្សាយ ដើម្បីឲ្យប្រភេទ កីឡាទូករបស់យើងកាន់តែមានប្រជា ប្រិយភាពក្នុងការទាក់ទាញចំណាប់អារម្មណ៍មហាជនឲ្យងាកមកគាំទ្រ និង ឧបត្ថម្ភ ពិសេស គឺយុវជន ព្រោះយុវជនជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍនៅពេលអនាគត ។ ជាមួយគ្នានេះ ឯកឧត្តម បានណែនាំបន្ថែម ដល់ថ្នាក់ដឹកនាំទាំងអស់ ឲ្យយកចិត្តទុកដាក់ លើការជ្រើសរើសប្រភេទវិញ្ញសាទូក ដែលមានសក្កានុពល សម្រាប់ធ្វើការហ្វឹកហាត់ ដ្បិត ការហ្វឹកហាត់នេះសំខាន់ណាស់ វិញ្ញសាណាដែលយើងមានប្រៀបកម្រិតមេដាយយើងក៏ទទួលបានច្រើន។ ក្នុងឱកាសនោះ ឯកឧត្តម បាន ចាត់តាំង ឯកឧត្តម សរ សិទ្ធិ ទទួលមើលការខុសត្រូវចំពោះទីតាំងហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ឧបករណ៍សម្រាប់បម្រើដល់ការហ្វឹកហាត់ និងឧបករណ៍វាស់ស្ទង់កម្រិតបច្ចេកទេសកីឡាករកីឡាការិនីជាដើម៕