2024-01-04 11:01
96

ខេត្តស្វាយរៀង ៖ ក្រសួងព័ត៌មាន បានបញ្ជាក់ថា ៖ បាវិត ត្រូវបានគេស្គាល់ថា ជាក្រុងសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់នៃខេត្តស្វាយរៀង ជាទីក្រុងដែលដើរតួជាច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម មានភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរចេញចូលមិនដាច់ បង្កជាភាពអ៊ូអរខ្លាំងមិនចាញ់ក្រុងឯទៀតក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ ។

 ក្រុងបាវិត មានព្រំប្រទល់ ខាងជើងជាប់ជាមួយស្រុកស្វាយទាប និងស្រុកបេនកូវ ខេត្ដតៃនីញ ប្រទេសវៀតណាម ខាងត្បូងជាប់នឹងស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខាងលិចជាប់នឹងស្រុកស្វាយទាប និងស្រុកកំពង់រោទិ៍ និងខាងកើតជាប់នឹងស្រុកបេនកូវ ស្រុកចាងបាង ខេត្ដតៃនីញ និងស្រុកឌឹកវ៉េ ខេត្ដឡុងអាន ប្រទេសវៀតណាម ។

យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញពីប្រវត្តិក្រុងបាវិត យ៉ាងដូច្នេះថា បាវិត ដើមឡើយគឺជាភូមិមួយ ដែលមានមនុស្សរស់នៅតិចតួច ជាវាលរាបសម្បូរទៅដោយស្មៅ និងសត្វប្រវឹករស់នៅ ។ តាមឯកសារខ្លះបានរៀបរាប់ថា «ពាក្យបាវិត ក្លាយមកពីពាក្យថា ប្រវឹក» ពាក្យនេះប្រើប្រាស់ពេលដែលអ្នកបកប្រែភាសា ជនជាតិវៀតណាមនិយាយមិនច្បាស់ជាភាសាបារាំងថា «បាវឹក» ក្រោយមកក្លាយជា បាវិត ពេលបង្កើតឃុំ ក៏ជាប់ងារនេះរហូតដល់បច្ចុប្បន្ន ។

អំឡុងពេលបារាំងធ្វើផ្លូវជាតិលេខ ១ ពីព្រៃនគរ មកភ្នំពេញ គឺបារាំងបានជ្រើសរើសធ្វើផ្លូវថ្នល់ជាតិទី១ កាត់តាមបាវិតនេះ មុនគេបង្អស់នៅឆ្នាំ១៩០៣ ។ ក្រោយពីមានផ្លូវ មនុស្ស បានរស់នៅតំបន់នេះច្រើន អំឡុងពេលនោះហើយ ដែលរាជការបារាំង ខ្មែរ បានរៀបចំបង្កើតជារដ្ឋបាល ឃុំបាវិត (ពាក្យកម្លាយពីប្រវឹក) នៅចន្លោះឆ្នាំ១៩១៩-១៩២២ ជាផ្លូវការ ។
ក្រោយពេលបង្កើតឃុំបាវិត ឃុំនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកស្វាយទាប តរៀងមក ។ ឆ្នាំ១៩៦៨ ឃុំបាវិត ត្រូវបានដាក់បញ្ចូលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកចន្ទ្រាវិញ ។ នៅឆ្នាំ២០០៨ បាវិត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតជាក្រុងបាវិត ដោយផ្ដាច់ចេញពីស្រុកចន្ទ្រា ។

ជាមួយគ្នានេះ បើយោងតាមខ្លឹមសារសៀវភៅប្រវត្តិវត្តពោធិ៍ថ្មី របស់លោកគ្រូព្រឹទ្ឋាចារ្យ សួស ថន បានបង្ហាញថា ប្រជាជនឃុំបាវិតពីជំនាន់មុន ភាគច្រើនរស់នៅប្រមូលផ្ដុំគ្នាជារបៀបសហគមន៍ក្នុងភូមិតាបឹបស្ថិតនៅត្រើយខាងលិចជាប់មាត់បឹងដ៏ធំមួយលាតសន្ធឹងពីជើងទៅត្បូង ហើយត្រើយខាងកើតនៃបឹងនេះទៅទល់នឹងទន្លេវ៉ៃកូ(វាយគោ)ខាងកើត បច្ចុប្បន្នហៅថាទន្លេ កូយ៉ូហា (វៀតណាម)។ កាលពីជំនាន់នោះ គមនាគមន៍ផ្លូវគោកឆ្លងកាត់បឹងនេះពុំទាន់មានទេ។ ត្រង់តំបន់ភូមិតាបឹបនេះជាកំពង់ចម្លងដ៏ធំមួយ សម្រាប់អ្នកដំណើរ និងការផ្លាស់ប្ដូរទំនិញសព្វសារពើ ពីតំបន់ចំពុះទា ទៅកាន់ដែនដីកូសាំងស៊ីន និងពីកូសាំងស៊ីន មកកាន់តំបន់ចំពុះទាវិញ។
នៅសម័យអាណានិគមន៍បារាំង តំបន់នេះក៏មានចលនាបះបោរប្រឆាំងនឹងបារាំងដែរ។ ដើម្បីបង្ក្រាបចលនាបះបោរនេះ ពិសេសក្នុងការចល័តកងទ័ពតាមទន្លេវ៉ៃកូខាងកើតម្ដងៗ កងនាវាចម្បាំងបារាំង តែងតែបាញ់បោះគ្រាប់ផ្លោង មកលើត្រើយខាងលិចបឹង ពេលខ្លះកងការណូតចម្បាំងបារាំងចូលមកធ្វើការរាតត្បាត អ្នកស្រុកនៅត្រើយខាងលិចធ្វើឱ្យពួកគេមានការភ័យខ្លាច រត់ចោលផ្ទះសម្បែងហើយប្រជាជនខ្លះបានរុះរើថយចូលមកក្នុង (មកលិច) ដើម្បីចៀសផុតពីគ្រោះថ្នាក់។ ដោយសារសង្គ្រាមបានបំផ្លិចបំផ្លាញផ្លូវ ផ្ទះសម្បែងទ្រព្យសម្បត្តិ ខ្វះស្បៀងអាហារ ម្យ៉ាងទៀតកត្តាអសន្ដិសុខនៅកើតមាននៅឡើយម្លោះហើយពួកគេបានសម្រេចចិត្តបោះបង់ភូមិកំណើតចាស់ចោលហើយមកប្រមូលផ្ដុំគ្នា រស់នៅក្បែរបន្ទាយទាហានអាណានិគមបារាំងមួយក្បែរបន្ទាយតុងកាក ដែលស្ថិតនៅត្រង់សាលាសង្កាត់បាវិតសព្វថ្ងៃនេះ ដើម្បីងាយស្រួលក្នុងការការពារសន្ដិសុខសង្គម។

ដើម្បីងាយស្រួលក្នុងការការពារ និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋនៅក្រោយសង្គ្រាម រដ្ឋអំណាចមូលដ្ឋានឃុំបាវិតជំនាន់នោះបានបែងចែកទីតាំងភូមិឱ្យប្រជាជនរស់នៅតាមទិសដៅដូចខាងក្រោម៖ – ភូមិបាវិត នៅខាងកើតវត្ត – ភូមិច្រកលាវ នៅខាងត្បូងវត្ត – ភូមិតាពៅ នៅខាងលិចវត្ត – ភូមិតាបឹប នៅខាងជើងវត្ត ការបែងចែកទីតាំងភូមិតាមទិស ឱ្យប្រជាជនរស់នៅនេះ បានជាប់រហូតមកដល់សព្វថ្ងៃនេះ។

នៅឆ្នាំ១៩៥៣ ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញបរិបូណ៍ពីអាណានិគមបារាំង។ កងទ័ពបារាំងក៏ត្រូវបានដកចេញទាំងអស់ពីទឹកដីកម្ពុជា។ នៅឆ្នាំ១៩៥៤ បន្ទាយទាហានរបស់អាណានិគមបារាំង ឈ្មោះថា បន្ទាយតុងកាក ត្រូវបានរុះរើចោល។ ដីនៅខាងជើងផ្លូវជាតិ រដ្ឋអំណាចទុកសាងសង់សាលាឃុំ ចំណែកដីខាងត្បូងផ្លូវរដ្ឋអំណាចទុកសម្រាប់ប្រជាពលរដ្ឋ និងសាងសង់វត្តសម្រាប់ប្រជាជនធ្វើបុណ្យទាន។

បច្ចប្បន្នក្រុងបាវិត មាន ៥ សង្កាត់ គឺសង្កាត់ច្រកម្ទេស, សង្កាត់ព្រៃអង្គុញ, សង្កាត់ប្រាសាទ, សង្កាត់បាវិត និងសង្កាត់បាទី ដែលមានប្រជាជនសរុបប្រមាណ ៤៩.៧៦០នាក់ (ទិន្ន័យពីរដ្ឋបាលខេត្តស្វាយរៀងក្នុងឆ្នាំ ២០២០) ។ ក្រុងបាវិត ត្រូវបានរាជរដ្ឋាភិបាល សម្រេចបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រ សហគ្រាស ចំនួន ៣៦កន្លែង និងបានទាក់ទាញកម្លាំងពលកម្មប្រមាណ ៣៥.០០០នាក់ ។ មិនតែប៉ុណ្ណោះ បាវិត ក៏ជាបណ្ដុំមជ្ឈមណ្ឌលកម្សាន្តដ៏ស៊ីវិល័យ មានដូចជា សណ្ឋាគារ ក្លឹបកម្សាន្ដ កាស៊ីណូជាប់ព្រំដែន ដែលអាចឱ្យអ្នកទេសចរជាតិ អន្ដរជាតិ មកកម្សាន្ដ ផងដែរ ។

បន្ទាប់ពីរដ្ឋាភិបាលបានដាក់ផែនការអភិវឌ្ឍន៍ក្រុងសម្រាប់ឆ្នាំ ២០១៥ ដល់ ២០២៥ រួចមក បច្ចុប្បន្នក្រុងនេះក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនបរទេសគួរឱ្យកត់សម្គាល់ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានសង្កេតឃើញនូវសញ្ញាណសំខាន់ៗមួយចំនួននៃកំណើនការវិនិយោគមកលើក្រុងបាវិត ។ ជាងនេះទៅទៀត អ្វីដែលអ្នកវិនិយោគកាន់តែរំពឹងខ្ពស់ទៅលើទឹកដីក្រុងបាវិត អាចនឹងក្លាយជាតំបន់ទឹកដីមាស នោះគឺនៅពេលបញ្ចប់គម្រោងសាងសង់ជាស្ថាពរផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅចុងឆ្នាំ២០២៦ ឬដើម ឆ្នាំ២០២៧ ដែលមានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ៕