2023-07-12 06:07
163


ភ្នំពេញ៖     លោក  ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរ អាជ្ញាធររាជធានីភ្នំពេញ លើការងារគ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះ ដោយការប្រមូលសំរាមជាមធ្យម មួយថ្ងៃស្មើ៣.៥៥៦តោន ហើយអ្វីដែលពិសេសថែមទៀតនោះ គឺការទប់ស្កាត់ការចរាចរចែកចាយ និងសេពគ្រឿងញៀនក្នុងទីលានចាក់សំរាមបាន១០០%។


  ការកោតសរសើរ នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ កក្កដាឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដោយមានវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
  លោកម៉ប់ សារិន បានមានប្រសាសន៍ថា៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីអនុវត្តការងារខាងលើបានល្អហើយ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣នេះដែរ បានធ្វើអោយបទល្មើសព្រហ្មទណ្ឌមានការថយចុះ០៩លើក ។សមត្ថកិច្ច បង្ក្រាបបាន ២២០ករណី ឃាត់ខ្លួនបាន ៣៥៦នាក់ ដែលធ្វើឱ្យសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ រក្សាបានសុវត្ថិភាពល្អ ធានាបាននូវកិច្ចដំណើរការនៃព្រឹត្តិការណ៍ធំក្នុងរាជធានីភ្នំពេញបានល្អ ប្រសើរ។
    លោក ម៉ប់ សារិន ក៏បានមានប្រសាសន៍កោតសរសើរផងដែរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនដល់គ្រប់គណបក្សនយោបាយក្នុងពេលបើក និងដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣បានល្អប្រសើរប្រព្រឹត្តក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មាន អំពើហឹង្សា និងគ្មានការគំរាមគំហែង។
 លោក ម៉ប់ សារិន បន្តថា៖ តាមលទ្ធផលផ្លែផ្កាគួរមោទនភាព ដែលយើងសម្រេចបានលើគ្រប់វិស័យ ក្នុងរយៈពេល០៦ដើមឆ្នាំ ២០២៣នេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹក សាមគ្គីឯកភាព របស់មន្ត្រីរាជការ ប្រជាជនរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់ អភិបាលរាជធានីភ្នំពេញ។
តាមរយៈសមិទ្ធផលលើគ្រប់វិស័យដែលសម្រេចបានពិសេស ការរីកចម្រើនវិស័យសេដ្ឋកិច្ច គឺបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រាជធានីភ្នំពេញកាន់តែប្រសើរឡើង និងធ្វើឱ្យប្រជាជនសាទរ និងគាំទ្រយ៉ាងទូលំ ទូលាយដោយមានជំនឿទុកចិត្ត ចំពោះការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដ៏ឈ្លាសវៃ ។
   លោក កើត ឆែ បានមានប្រសាសន៍លើក ឡើងថា៖ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ខាងលើ គឺជាការលើកទឹកចិត្ត ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញអនុវត្តការងារទាំងនេះអោយកាន់តែល្អប្រសើរថែមទៀត ហើយចំពោះការណែនាំរបស់ក្រុមប្រឹក្សារាជធានី ឲ្យមានការកែម្រួលការងាររបស់រដ្ឋបាលរាជធានី ក៏ជាចំណុចល្អ ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញចំណុចខ្វះខាតផងដែរ៕