2023-06-30 02:06
196


ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង  ចំណែកម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅលើមហាវិថីឈ្នះ-ឈ្នះ ត្រង់ចំណុចច្រកឡើងផ្លូវល្បឿនលឿន ក្នុងភូមិចែងមែ៉ង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 
   ជនរងគ្រោះដែលបានស្លាប់ឈ្មោះ សុះ រី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរព្រូរថយន្ត នៅក្រុមហ៊ុនតេង ឡាយ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។  


   តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះដែលស្លាប់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ពោធិសាត់ 1H-4919 ជិះចេញពីក្រុមហ៊ុនទៅរកទិញទឹកកក លុះជិះឆ្លងផ្លូវពីកើតទៅលិចមកវិញ ស្រាប់តែម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ព្រៃវែង 1W-1410 ជិះពីត្បូងទៅជើងក្នុងល្បឿនលឿនបានជ្រុលមកបុកពេញទំហឹងបណ្តាលឱ្យស្លាប់ជនរងគ្រោះម្នាក់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ។
   ជនរងគ្រោះរបួសធ្ងន់ក្រោយកើតហេតុត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅព្យាបាល ចំណែកសាកសពជនរងគ្រោះម្នាក់បន្ទាប់ពីសមត្ថកិច្ចពិនិត្យ ធ្វើឯកសារបានប្រគល់ជួនសាច់ញាតិចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។ ដោយឡែកមធ្យោបាយទាំង២គ្រឿង ត្រូវបានប្រគល់ឱ្យសមត្ថកិច្ចធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ៕