2024-02-03 11:02
60

ស្វាយរៀង៖ ក្រុមមន្ត្រីជំនាញ សម្រេចនឹងដុតកម្ទេចចោលនូវជើងមាន់បង្កក ដែលតាមរថយន្តកុងតឺន័រ ចំនួន ០៤គ្រឿងនាំចូលពីប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិបាវិត នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ នៅបរិវេនទីលានចាក់សំរាមក្រុងស្វាយរៀង។

សូមរំឭកថា នៅវេលាម៉ោង ០៥និង៤០នាទីល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុង-ខេត្តស្វាយរៀង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសហការគ្នាបង្ក្រាបតាមបទបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។

តាមប្រភពបានបង្ហើបថា រថយន្តកុងតឺន័រទាំង ០៤គ្រឿង ដឹកបំណែកសាច់បង្កក (ជើងមាន់) ខាងលើ របស់ក្រុមហ៊ុន SAMBATH LOGISTICS Co.Ltd ប៉ុន្តែម្ចាស់ ឬក្រុមហ៊ុនដែលនាំចូលជើងមាន់ខុសច្បាប់ទាំងនោះ មិនត្រូវបានប្រភពបង្ហើបប្រាប់ឱ្យដឹងឡើយ។ ប៉ុន្តែក្រោយការឃាត់រថយន្តទាំង ០៤គ្រឿង សមត្ថកិច្ចចម្រុះបានធ្វើការទូររកឃើញជើងមាន់ដោយមន្ត្រីជំនាញពិនិត្យរកមិនឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ។

សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ សម្តេចបានណែនាំដល់មន្ត្រីជំនាញដែលពាក់ព័ន្ធ ហាមឃាត់ជាបណ្តោះអាសន្នរយៈពេល ០៦ខែមិនឱ្យនាំចូលគ្រឿងក្នុងសត្វ និងបំណែកសាច់បង្កកផ្សេងៗចូលមួយរយៈ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនជួនប្រជាកសិករអ្នកចិញ្ចឹមសត្វ ប៉ុន្តែមិននឹងស្មានអស់លោកមន្ត្រីខិតខួចដែលឈរជើងតាមព្រំដែនលួចបើកប៉ារ៉ាស់ព្រំដែនឱ្យរថយន្តកុងតឺន័រដឹកជើងមាន់យ៉ាងរលូនបែបនេះទាល់តែសោះ៕