2024-01-12 12:01
88

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង លោក ខេង យ័ន ពីអភិបាលក្រុងកែប ដោយសារមានការពាក់ព័ន្ធនឹងអំពើពុករលួយនាំឱ្យដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាច្រើន។ 

នេះយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ការបញ្ចប់មុខតំណែងមន្ត្រីរាជការ ដែលក្រុមការងារ msj tv ទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេច «បញ្ចប់មុខតំណែង លោក ខេង យ័ន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប» ហើយការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) តែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរសារបង្ហោះលើបណ្តាញ Telagram ថា «អភិក្រមទាំង៥៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់»។ សម្តេចសរសេរបន្ថែមទៀតថា «ថ្ងៃនេះ ខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាច នៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាច្រើន។ ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេស ក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ “អភិក្រមទី៥” ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន។

សូមជម្រប់់ថា កាលពីពេលថ្មីៗកន្លងមកនេះ លោក ខេង យ័ន អភិបាលក្រុងកែប និង នាយករដ្ឋបាលក្រុងកែបម្នាក់ទៀត ត្រូវបានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួនបន្ទាប់ពីចេញពីប្រជុំ ប៉ុន្តែព័ត៌មាន ស្តីពី ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ទាំង ០២រូបនេះ ហាក់មានលាក់់បាំង លុះក្រោយមកមន្ត្រីទាំង ០២រូបនេះ ត្រូវបានដោះលេងឱ្យមានសេរីភាពវិញ ក្រោមហេតុផលមានការភ័ន្តច្រឡំ។ បន្ទាប់ពីព័ត៌មានត្រូវបានស្ងប់ស្ងាត់មួយរយៈលោក ខេង យ័ន អភិបាលក្រុងកែប ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្រចបញ្ចប់មុខតំណែងតែម្តង។

មហាជនរងចាំមើលចំណាត់ការបន្តរបស់អង្គភាព ACU លើលោក ខេង យ័ន អតីតីអភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាច នៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាច្រើននោះមានវាសនាបែបណា?៕