2023-04-06 07:04
415

ត្បូងឃ្មុំ៖ អ្នកនាំពាក្យស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានធ្វើការបដិសេដ្ឋថា គ្មានការបង្ខិតបង្គោលព្រំដែនពីសំណាក់ប្រទេសជិតខាងដូចអ្វីដែលបណ្តាញសង្គមមួយចំនួនបានចុះផ្សាយឡើយ។ 

ខាងក្រោមនេះ ជាសេចក្តីបំភ្លឺព័តមាន របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជូនប្រជាពលរដ្ឋ និងសាធារណៈជនឲ្យបានជ្រាបថា ការបង្ហោះនៅក្នុងបណ្តាញប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook របស់គណនី “កាមទេព លឹមហុង” និង “Panya Ren” ដែលបានបង្ហោះព័ត៌មានមិនពិត ដើម្បីញុះញង់លាបពណ៌ បង្កឲ្យមានការយល់ច្រឡំ បង្កចលាចល និងបំផ្លាញបរិយាកាសនយោបាយ។ 



ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណៈជន ពាក់ព័ន្ធការចុះផ្សាយក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) មានផេកឈ្មោះ កាមទេព លីមហុង ដែលមានខ្លឹមសារថា៖ “ផ្អាករឿងជោគជ័យសិន” នៅខេត្ត ត្បូងឃ្មុំ យួន បង្ខិតព្រំដែនចូលកម្ពុជា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ គ្មានអ្នកចាប់អារម្មណ៍ទេ និងគណនីហ្វេសប៊ុកមាន ឈ្មោះ Parya Rin ដែលមានខ្លឹមសារថា៖ នៅខេត្តត្បូងឃ្មុំ យួន បង្ខិតព្រំដែនមិនស៊ូវមានអ្នកចាប់អារម្មណ៍ទេ។ ក្រោយពីទទួលបានព័ត៌មានភ្លាមៗ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការបន្ទាន់ រួមមាន៖ 



១- បានចាត់តាំងលោកស្នងការរងទទួលផែនជំនាញ និងមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦១៧ ចុះទៅស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកព័ត៌មានការពិត ព្រមទាំងរកភស្តុតាងនានាដែលពាក់ ព័ន្ធករណីខាងលើ ។ 



២. ជាលទ្ធផលនៃការចុះស្រាវជ្រាវករណីខាងលើ គឺស្ថិតនៅចំណុចបង្គោលព្រំដែនបំពេញបន្ថែមលេខ ៩៨/១ និង ៩៨/២ ស្ថិតនៅភូមិស្រែតានងលិច ឃុំចាន់មូល ស្រុកមេមត់ ដោយពុំមានករណីដូចការលើកឡើងរបស់ គណនីហ្វេសប៊ុកឈ្មោះ កាមទេព លីមហុង និងគណនីហ្វេសប៊ុកឈ្មោះ Panya Ren នោះឡើយ។ 

៣. ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមចាត់ទុកការបង្ហោះផ្សព្វផ្សាយព័ត៌មានខាងលើ គឺមានចរិតញុះញង់ លាបពណ៌ បង្កអសន្តិសុខក្នុងសង្គម ធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំ អស់ជំនឿ និងបាត់បង់ទំនុកចិត្ត មកលើរាជរដ្ឋាភិបាល កម្ពុជារបស់យើង ដែលជាស្ថានិកស្នេហាជាតិយ៉ាងពិតប្រាកដ។ 

ទន្ទឹមនេះដែរ ស្នងការដ្ឋាន បន្តចាត់តាំងកម្លាំងនគរបាលការពារព្រំដែន ប្រគៀកស្មារគ្នាជាមួយកងយោធពល ខេមរភូមិន្ទ ធ្វើការល្បាតត្រួតពិនិត្យនៅតាមខ្សែបន្ទាត់ព្រំដែន ជាឯកតោភាគីជាប់ជាប្រចាំ ដើម្បីថែរក្សាបានសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី និងមានវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទផងដែរ៕