2023-06-11 08:06
234


ភ្នំពេញ៖ សំណុំរឿងស្ត្រីជនបរទេសម្នាក់ ត្រូវបានជនអនាមិករុំសពនឹងកន្ទេល រួចដឹកយកមកទម្លាក់ចោលក្នុងបហរឡាយទឹក ក្នុងស្រុកកណ្តាលស្ទឹង ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបំបែក ដោយចាប់ខ្លួនជនសង្ស័យពីរនាក់ប្តី ប្រពន្ធជាម្ចាស់គ្លីនិកឯកមួយ។


នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបង្ហាញមុខជនសង្ស័យ ចំនួន ០២នាក់ប្តី ប្រពន្ធជាជនជាតិចិន បើកគ្លីនិកព្យាបាលជំងឺ "ប៉ ខាង"
នគរបាលបានឲ្យដឹងថា ជនសង្ស័យពីរនាក់ប្ដី ប្រពន្ធជនជាតិចិន ជាម្ចាស់គ្លីនិកព្យាបាលជំងឺ "ប៉ ខាង" បានយកសពអ្នកជំងឺជនជាតិកូរ៉េដែលស្លាប់ក្នុងគ្លីនិករបស់ខ្លួនហើយរុំកន្ទេល បោះចោលនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
នគរបាលនាយកដ្ឋានព្រហ្ម បានឲ្យដឹងថា ជនសង្ស័យ បាន ចំនួន ០២នាក់  ដែលជាម្ចាស់ គ្លីនិកពិគ្រោះជំងឺ "ប៉  ខាង " មានឈ្មោះដូចខាងក្រោម៖
ទី១- ឈ្មោះ LAI WENSHAO ភេទប្រុស  អាយុ៣០ឆ្នាំ  ជាប្តី និងទី២- ឈ្មោះ  CAI HUIJUAN ភេទ  ស្រី  អាយុ៣៩ឆ្នាំ  ជាប្រពន្ធ។ សាកសពជនរងគ្រោះ មានឈ្មោះ BYIN A YEON ភេទស្រី ជនជាតិកូរ៉េ។
សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣  មានប្រជាពលរដ្ឋប្រទះឃើញ សាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេរុំកន្ទេលយកមកផ្លុងចោលនៅរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង  ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។


ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ ,ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល   និងស្នងការដ្ឋាននគររាជធានីភ្នំពេញ  ធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួន
ជនសង្ស័យទាំងពីរនាក់ប្ដី ប្រពន្ធ បានសារភាពថា   កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន០២ប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិករបស់ពួកខ្លួនតែម្ដង។
ដោយឃើញជនរងគ្រោះស្លាប់ ជនសង្ស័យដែលជាម្ចាស់គ្លីនិក "ប៉ ខាង" ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេ ភ្នំពេញ 2BR-9717 ចេញពីគ្លីនិករបស់ខ្លួនដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។
បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ ខាងលើទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕