2023-10-19 05:10
331

ភ្នំពេញ៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចយកម៉ូតូនិងទូរស័ព្ទដៃកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី  នៅចំណុចស្ដុបអូតែល.ស ផ្លូវព្រះមុនីវង្ស សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

   បើតាមការបញ្ជាក់ពីមន្រ្តីនគរបាលខណ្ឌបឹងកេងកងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះថា ជនសង្ស័យឈ្មោះ ឆន វ៉ា ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

   វត្ថតាងចាប់យករួមមាន៖ ម៉ូតូម៉ាកScoopy ១១០ ស៊េរីឆ្នាំ២០១៣ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BS-8663 , ទូរស័ព្ទ Iphone 13pro max ពណ៌ប្រផេះ ជារបស់ជនរងគ្រោះ, កូនសោម៉តូចំនួន០៣, កូនកន្ដ្រៃដងជ័រ ពណ៌លឿងចំនួន០១, កាំបិតម៉ាកKiWi ដងជ័រ ពណ៌ខ្មៅ, ទួណឺវីសភ្លេីងចំនួន០១, ផ្លែទួណឺវីសមុខពីរចំនួន០១, ដង្កៀបកែច្នៃចុងស្រួចចំនួន០១, កាបូបស្ពាយចំហៀងម៉ាកក្រពេី ពណ៌ខ្មៅ ចំនួន០១។

បន្ទាប់មកសមត្ថកិច្ចបានប្រគល់ម៉ូតូ និងទូរស័ព្ទខាងលើឱ្យជនរងគ្រោះវិញតាមពាក្យស្នើសុំ ដោយបានការឯកភាពពី ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ។
   បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕