2023-06-06 06:06
480

កំពង់ស្ពឺ៖ រថយន្តតូចធំ ចំនួន ០៩គ្រឿង បានបុកបន្តបន្ទុយគ្នាលើផ្លូវជាតិលេខ៤ នៅចំណោតលោកយាយម៉ៅពេជ្រនិល បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស ចំនួន ០២នាក់។ 

យោងតាមរបាយការណ៍បឋម ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តបន្ទុយគ្នានេះ កើតឡើងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង២០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ (១០៣-១០៤) ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

លោកវរសេនីយ៍ទោ ពៅ នឿន អធិការរងទទួលផែនចរាចរណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកពីក្រោយរថយន្ត ចំនួន ០៩គ្រឿង ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាត ស្លាប់ ០១នាក់ ស្រី នៅកន្លែងកើតហេតុ របួសធ្ងន់ ចំនួន ០២នាក់ ប្រុស ,ខូចខាតរថយន្ត ចំនួន ០៩គ្រឿង ធ្ងន់ ហើយករណីនេះកម្លាំងនគរបាលកំពុងធ្វើចរាចរណ៍នៅកន្លែងកើតហេតុ។ 

លោកវរសេនីយ៍ទោ ពៅ នឿន បានបញ្ជាក់ថា ក្នុងករណីខាងលើនេះ មិនមានការកកស្ទះចរាចរណ៍ទេហើយចំពោះរថយន្តដែលរងការខួចខាតបុកបន្តៗពីក្រោយបានសុំយកទៅជួលជុលរៀងៗខ្លួន៕