2023-12-21 02:12
112

បាត់ដំបង៖         បែកធ្លាយរឿងមិនប្រក្រតីរបស់អាជ្ញាភូមិគោករកា មេឃុំ និងស្មៀនឃុំដូនបា បានឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងក្លាយ បញ្ជាក់លើដីធ្លី មានទំហំ ១,៦០០ហិកតា ក្នុងភូមិសាស្ត្រឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយស៊ីញ៉េ និងប្រថាប់ត្រា បញ្ជាក់ជាកម្មសិទ្ធិជារបស់ លោក ចៅ ជាតិ ស្មៀនឃុំដូនបា ដើម្បីស្វែងរកឈ្មួញទិញ ប៉ុន្តែក្រោយរឿងរ៉ាវនេះ ត្រូវបានបែកធ្លាយនាំគ្នាភ័យស្លន់ស្លោធ្វើលិខិតបដិសេធ ដោយនិរាករណ៍លិខិតបង្ហាញប្លង់កម្មសិទ្ធិ និងលិខិតបញ្ជាក់ការកាន់កាប់ទាំងនោះចោលវិញ។

យោងតាមឯកសារពាក់ព័ន្ធករណីលោកមេភូមិគោករកា លោកមេឃុំ និងលោកស្មៀនឃុំដូនបា បានឃុបឃិតរៀបចំឯកសារស៊ីញ៉េបញ្ជាក់លើប្លង់បង្ហាញទីតាំង និងបញ្ចាក់កម្មសិទ្ធិលើដីធ្លី ទំហំ ១,៦០០ហិកតា ដែលក្រុមការងារ msj tv ទទួលបានជាបន្តបន្ទាប់ បានបង្ហាញយ៉ាងច្បាស់ថា «មានឯកសារមួយចំនួនដែលចេញដោយលោកមេភូមិគោករការ លោកមេឃុំ និងលោកស្មៀនឃុំដូនបា ជារឿងមិនប្រក្រតី។ ថ្នាក់លើគួរមានវិធានការ ចំពោះបុគ្គលដែលពាក់ព័ន្ធដោយដាក់ពិន័យ ឬមានវិធានផ្លូវច្បាប់ឱ្យតឹងរឹងបំផុត ដើម្បីការពារកុំឱ្យមានប្រជាពលរដ្ឋរងគ្រោះបន្តទៅទៀត ដោយសារតែចេះតែស៊ីញ៉េប្រថាប់ត្រាទាំងបិតភ្នែកបែបនេះ ទើបក្នុងភូមិសាស្ត្រឃុំដូនបា មានករណីទំនាស់ដីធ្លីដោះស្រាយមិនចេះមិនហើយទាល់តែសោះ»។

យោងតាមលិខិតលេខៈ ៧៣១/២៣ ឃដ.ប ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយលោក ម៉ម សង មេភូមិគោករកា និងលោក ចិន សំអន មេឃុំដូនបា ដោយមានប្រថាប់ត្រាត្រឹមត្រូវនោះបានបញ្ជាក់ថា «ដីកសិកម្ម ០១កន្លែង មានទំហំ ១,៦០០ ហិកតា (មានប្លង់រឹង) ដែលស្ថិតក្នុង ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ពិតជាដីកម្មសិទ្ធិរបស់ ឈ្មោះ ចៅ ជាតិ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង»។

ក្រោយបែកធ្លាយលិខិតបញ្ជាក់ដីធ្លី ទំហំ ១,៦០០ ហិកតា របស់មេភូមិគោករកា មេឃុំដូនបា និងស្មៀន ប្រថាប់ត្រាលើកឯកសារបង្ហាញប្លង់ទីតាំង និងបញ្ជាក់កម្មសិទ្ធិថាៈ ជារបស់លោក ចៅ ជាតិ ស្មៀនឃុំដូនបាជាន់លើដីរបស់ក្រុមហ៊ុន និងដីប្រជាពលរដ្ឋ នោះតំណាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល (Agriculture Green Field Co; Ltd) និងប្រជាពលរដ្ឋ បានមានប្រតិកម្ម ស្រាប់តែមេភូមិគោករកា មេឃុំដូនបា និងស្មៀនឃុំដូនបា ភ្ញាក់ខ្លួនដឹងកំហុសនាំគ្នាប្រញ៉ាប់ប្រញាល់ដោះយករួចខ្លួន ដោយចេញលិខិតបដិសេធ និងនិរាករណ៍លិខិតរបស់ខ្លួន បំភ្លឺជូនលោកអភិបាលស្រុកគាស់ក្រឡយកត្រូវរៀងៗខ្លួនតែម្តង។

បន្ទាប់ពីបែកធ្លាយរឿងមិនប្រក្រតីខាងលើនេះ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក ចិន សំអន មេឃុំដូនបា បានចេញលិខិតលេខៈ ២៣/២៣ រ.ប.ក ដាក់ជូនលោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ស្តីពី ការបដិសេធលើការចុះហត្ថលេខាលើប្លង់បង្ហាញទីតាំងដីកសិកម្ម ០១កន្លែង ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយបានបញ្ជាក់ថាៈ «ប្លង់បង្ហាញទីតាំងដីកសិកម្ម០១កន្លែង ទំហំ ១,៤២០ ហិកតា ស្ថិតនៅចំណុច ភ្នំតូច ភូមិគោរកា ឃុំដូនបា ស្រុកគាស់ក្រឡ ដែលមានលេខចេញ លេខៈ ៧២៦/២៣ ចុះ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលឃុំដូនបា គឺស្ថិតលើដីទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល»។

លិខិតរបស់មេឃុំដូនបា លោក ចិន សំអន បានបញ្ជាក់យ៉ាងដូច្នេះថាៈ ការចុះហត្ថលេខាលើប្លង់បង្ហាញទីតាំងដីខាងលើរបស់អាជ្ញាធរភូមិ ឃុំកន្លមមក ដោយមូលហេតុ ឈ្មោះ ហ៊ូ ចំរើន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បាននិយាយប្រាប់មក អាជ្ញាធរភូមិ ឃុំ ថាៈ «ប្លង់បង្ហាញទីតាំងដីកសិកម្ម ខាងលើនេះ គឺជាដីប្លង់រឹងទាំងអស់ ស្ថិតនៅចំណុចក្បាលដំរី ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ពុំមានទំនាស់ទេ ជាដីកម្មសិទ្ធិរបស់ឈ្មោះ យ៉ាង ជួនកាង ទំហំដី ១ ៣០០ ហិកតា និង ដីប្រជាពលរដ្ឋ ទំហំ ១២០ ហិកតា ហើយម្យ៉ាងវិញទៀត ដោយអាជ្ញាធរភូមិ ឃុំ ពុំមានជំនាញក្នុងការពិនិត្យលើនិយាមកាជឿតាមឈ្មោះ ហ៊ូ ចំរើន មួយពេលទើបសម្រេចចុះហត្ថលេខាបែបនេះ»។

ឯលោក ចៅ ជាតិ ស្មៀនឃុំដូនបា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏បានធ្វើសេចក្តីបំភ្លឺបន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ឌី ពៅ អភិបាលរងស្រុកគាស់ក្រឡ និងជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លី រវាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ជាមួយប្រជាពលរដ្ឋ បានបញ្ជាក់ថាៈ ពាក់ព័ន្ធការចុះហត្ថលេខាបញ្ជាក់លើប្លង់បង្ហាញទីតាំងដីទំហំ ១,៦០០ ហិកតា ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ តាមពិតដីនេះ លោកមេភូមិ មេឃុំ ប្រាប់គាត់ថាៈ «ជាដីប្លង់កម្មសិទ្ធិរបស់ឈ្មោះ យ៉ាង ជូនកាង រស់នៅរាជធានីភ្នំពេញ ដែលមានទំហំ ១ ៣០០ ហិកតា និងដីរបស់ប្រជាពរដ្ឋ ទំហំ៣០០ ហិកតា សរុបទំហំ ១,៦០០ ហិកតា ជាដីមានប្លង់រឹងទាំងអស់ ស្ថិតត្រង់ចំណុច ក្បាលដំរី ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង»។

លោក ចៅ ជាតិ ស្មៀនឃុំដូនបា បានបញ្ជាក់ក្នុងលិខិតបំភ្លឺទៀតថាៈ «ចំពោះលិខិតបញ្ជាក់ពីឈ្មោះ ម៉ម សង មេភូមិគោករកា និង លោក ចិន សំអន មេឃុំដូនបា ថាលោកមានដីទំហំ ១,៦០០ ហិកតា លោកមេភូមិ មេឃុំប្រាប់ថា គ្រាន់ឱ្យជាតំណាងរបស់ឈ្មោះ យ៉ាង ជូនកាង និង ដីរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ តាមពិតលោកពុំមានដីធ្លីនៅទីនោះទេ»។ លោក ចៅ ជាតិ បញ្ជាក់បន្ថែមទៀតថា «សូមបដិសេធចំពោះលិខិតបញ្ជាក់លោកមេភូមិ មេឃុំ លេខៈ៧៣១/២៣ ឃដ.ប ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ របស់លោក ចិន សំអន មេឃុំដូនបា»។

ក្នុងលិខិតបំភ្លឺរបស់លោក ចៅ ជាតិ ស្មៀនឃុំដូនបា បានបន្តថាៈ ចំពោះប្លង់បង្ហាញទីតាំងដីទំហំ ១,៦០០ ហិកតា ស្ថិតក្នងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ចុះហត្ថលេខាដោយលោកមេភូមិគោករកា លោកមេឃុំដូនបា លេខៈ ៧២៦/២៣ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នោះ គឺមេភូមិ និងមេឃុំប្រាប់ថាៈ «ប្លង់បង្ហាញទីតាំងស្ថិតចំណុច ក្បាលដំរី ភូមិគោករកា ឃុំដូនបា ជាដីកម្មសិទ្ធិរបស់ឈ្មោះ យ៉ាង ជូនកាង ដីទំហំ ១,៣០០ ហិកតា និងដីប្រជាពលរដ្ឋ មានទំហំ៣០០ ហិកតា មានប្លង់រឹងទាំងអស់ និងគ្មានទំនាស់ទេ។ ប្រសិនបើលិខិតបញ្ជាក់ទាំងពីរប្រភេទជាន់លើដីទំនាស់ជាមួយ ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល និង ប្រជាពលរដ្ឋ សូមបដិសេធចោលទាំងស្រុង»។

លុះដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ថ្មីៗនេះ រួមមាន លោក ម៉ម សង មេភូមិគោករកា លោក ចិន សំអន មេឃុំដូនបា និង លោក ចៅ ជាតិ ស្មៀនឃុំដូនបា បានធ្វើលិខិតបដិសេធរួមគ្នាមួយទៀត ដោយបានបញ្ជាក់ថាៈ «យើងទាំងអស់គ្នា ជាមេឃុំដូនបា ស្មៀនឃុំដូនបា និងមេភូមិគោករកា នៃឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង សូមបដិសេធ ដូចតទៅ៖

១- ប្លង់បង្ហាញទីតាំងដីកសិកម្ម ០១កន្លែង ទំហំ ១ ៤២០ ហិកតា ស្ថិតនៅចំណុច ភ្នំតូច ភូមិគោរកា ឃុំ ដូនបា ស្រុកគាស់ក្រឡ ដែលមានលេខចេញ លេខៈ ៧២៦/២៣ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ចុះហត្ថលេខា ដោយលោកមេឃុំដូនបា និងមេភូមិគោរកា ទុកជាមោឃៈ មិនអាចយកទៅប្រើប្រាស់បានឡើយ ដោយមូលហេតុប្លង់បង្ហាញដី ស្ថិតលើដីទំនាស់រវាងប្រជាពលរដ្ឋ និង ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ដែលដីខាងលើនេះ ជាដីគម្របព្រៃឈើរបស់រដ្ឋ ឆ្នាំ២០០២។

២- លិខិតបញ្ជាក់ថាៈ លោក ចៅ ជាតិ ភេទប្រុស អាយុ ៤១ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានដីកម្មសិទ្ធ ទំហំ ១,៦០០ ហិតកា ស្ថិតនៅក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលមានលេខចេញ លេខៈ ៧៣១/២៣ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បានចុះហត្ថលេខាដោយលោក ចិន សំអន មេឃុំដូនបា និង លោក ម៉ម សង មេភូមិគោករកា ទុកជាមោឃ:ដោយសាម៉ីខ្លួនមិនអាចយកទៅប្រើប្រាស់បានឡើយ ព្រោះសាម៉ីខ្លួនពុំមានដីនៅទីនោះទេ »។

ពាក់ព័ន្ធភាពមិនប្រក្រតីក្នុងការចេញលិខិតបញ្ជាក់បង្ហាញទីតាំងប្លង់ដីធ្លី ទំហំ ១,៦០០ ហិកតា របស់លោក ម៉ម សង លោក ចិន សំអន មេឃុំ រួមមានការចូលរួមពីលោក ចៅ ជាតិ ជាស្មៀនឃុំដូនបា ដោយអះអាងថាៈ ជាដីកម្មសិទ្ធិរបស់ឈ្មោះ យ៉ាង ជូនកាង ១,៣០០ហិកតា និងដីរបស់ប្រជាពលរដ្ឋ ៣០០ហិកតា ប៉ុន្តែដល់ចេញលិខិតបញ្ជាក់របស់មេភូមិ មេឃុំដាក់ឈ្មោះ ចៅ ជាតិ ជាស្មៀនឃុំគោករកាទៅវិញ។ លុះក្រោយបែកធ្លាយរឿងរ៉ាវខាងលើនេះ លោកមេភូមិ មេឃុំ និងស្មៀនឃុំនាំគ្នាបដិសេធ និងនិរាយករណ៍ចោលលិខិតរបស់ចោល ព្រោះតែភាពឆោតល្ងង់មួយពេលជឿតាមពាក្យគេប្រាប់យ៉ាងរំភើយ។ រាល់ទង្វើរំលោភបំពានទាំងអស់នេះរបស់អស់លោកអាជ្ញាធរភូមិ ឃុំ និងស្មៀនចេះបិតភ្នែកស៊ីញ៉េប្រថាប់ត្រាលើលិខិតបញ្ជាក់ទីតាំងដីធ្លីជាន់លើដីអ្នកដទៃ ឬស៊ីញ៉េលើឯកសារលក់-ទិញដោយគ្មានការទទួលខុសត្រូវទាំងបំពាន់បែបនេះ ទើបបង្កឱ្យមានបញ្ហាទំនាស់ដីធ្លីស្មុកស្មាញដោះស្រាយមិនចេញរហូតដល់សព្វថ្ងៃនេះ។

ពាក់ព័ន្ធករណីលោកមេភូមិគោករកា ឈ្មោះ ម៉ម សង លោកមេឃុំដូនបា ឈ្មោះ ចិន សំអន និងស្មៀនឃុំដូនបាឈ្មោះ ចៅ ជាតិ នាំគ្នាធ្វើលិខិតបង្ហាញប្លង់ ព្រមទាំងបញ្ជាក់ថា ជាដីកម្មសិទ្ធិស្របច្បាប់ (មានប្លឹងរឹង) របស់ឈ្មោះ ចៅ ជាតិ ស្មៀនឃុំដូនបានោះ បានជាន់លើដី ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀលមួយផ្នែក និងមួយផ្នែកទៀតជាន់លើដីប្រជាពរដ្ឋ លោក អ៊ុម វ៉ារី មេធាវីតំណាងដោយអាណត្តិឱ្យ ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានបញ្ជាក់ថាៈ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបានទទួលលិខិតជូនដំណឹងលេខ ២៧២៥/២៣សជណ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ចេញដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង គោរពជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលមានខ្លឹមសារសង្កត់ធ្ងន់ចុងក្រោយថា “...រដ្ឋបាលខេត្ត បានចាត់ឲ្យរដ្ឋបាលស្រុកគាស់ក្រឡ មានវិធានការទប់ស្កាត់រាល់ការកាប់ទន្ទ្រាន និងសាងសង់ថ្មីបន្តទៀត ព្រមទាំងទប់ស្កាត់រាល់ការចុះហត្ថលេខានានារបស់អាជ្ញាធរមូលដ្ឋាននៅលើដីទំនាស់នេះ”។

លោកមេធាវីបន្តថាៈ ពាក់ព័ន្ធដូចករណីខាងលើនេះ មិនដឹងថាតើកន្លងមកមានករណីបែបហ្នឹងប៉ុន្មានទេ ដែលលោកមេភូមិគោករកា មេឃុំ និងលោកស្មៀនឃុំដូនបា បានចុះហត្ថលេខា និងបញ្ជាក់កម្មសិទ្ធិដីឲ្យអ្នកផ្សេងទៀតជាន់លើដីក្រុមហ៊ុននោះ?។ យ៉ាងណាចំពោះបញ្ហាខាងលើលោកមេធាវីមិនបានបរិយាយអ្វីនោះទេ តែលោកបានលើកឡើងថា «លោកកំពុងរង់ចាំមើលវិធានការច្បាប់ និងវិធានការរដ្ឋបាលរបស់លោកអភិបាលស្រុកគាស់ក្រឡ ក៏ដូចជាវិធានការច្បាប់ពី ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ទៅលើបុគ្គលពាក់ព័ន្ធទាំងនោះ ថាតើលោកអភិបាលស្រុកគាស់ក្រឡ ក៏ដូចជាឯកឧត្តមអភិបាលខេត្តបាត់ដំបងនឹងមានវិធានការច្បាប់បែបណាខ្លះ? យើងរង់ចាំមើលទាំងអស់គ្នា!»៕