2023-10-10 08:10
250

(ភ្នំពេញ)៖ សាខា ក.ប.ប.រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារច្បារអំពៅ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទំនិញម្ហូបអាហារ និងដកយកសំណាកគំរូជាក់ស្តែង បានចំនួន៣២ រួមមាន បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុកផ្អក ស្លឹកគ្រៃហាន់ ខ្ញីហាន់ សរសៃគុយទាវ មី ជាដើម ដើម្បីយកមកវិភាគនៅក្នុងរថយន្តពិសោធន៍ ។

ការចុះត្រួតពិនិត្យនេះដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រោយពីត្រួតពិនិត្យ វិភាគសំណាកគម្រូ ជាលទ្ធផលពុំបានរកឃើញវត្តមានសារធារធាតុគីមីហាមឃាត់ ក្នុងគម្រូទាំងនោះទេ។ ជាមួយនោះបានធ្វើការត្រួតពិនិត្យលើអនុលោមភាពផលិតផលវេចខ្ចប់ កាដូរវត្ថុអនុសាវរីយ៍ ទយ្យទាន សាដក់ សម្រាប់ប្រគេនព្រះសង្ឃ គង្គព្រះវស្សានៅទីវត្តអារាមនានា អំឡុងពេលរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ដើម្បីការពារសុខមាលភាពអ្នកប្រើប្រាស់ជៀស វាងភាពមិនប្រក្រតីកើតឡើងជាយថាហេតុ។

លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមាន ឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំអោយមានការដាក់លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេស ទៅលើផលិតផល ម្ហូបអាហារ នាំឲ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ផលិតផលទំនិញ ឱ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ ដែលជាសារធាតុគីមី និង ម្ហូបអាហារ ការដាក់តាំងលក់ ផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ និងចេះពិនិត្យមើលផលិតផល ហួសកាលបរិច្ឆេទជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានអញ្ជើញអាជីវករចំនួន១១នាក់ ដែលប្រកបអាជីវកម្ម ក្នុងផ្សារច្បារអំពៅ ដែលតាំងលក់ផលិតផលគីមី មកស្តាប់ការធ្វើបទបង្ហាញ និងផ្សព្វផ្សាយខ្លឹមសារ ប្រកាសស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញា សម្រាប់ផលិតផលគីមី ប្រើប្រាស់តាមគេហដ្ឋាន លេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀប ការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផល ប្រយោជន៍អ្នកប្រើប្រាស់ ។

សូមបញ្ជាក់ថា ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋានសំដៅដល់សារធាតុគីមី ឬផលិតផលគីមី ដែលមានលក្ខណៈជាផលិតផលសម្រេច ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយត្រូវបានប្រើប្រាស់ ជាសារធាតុជំនួស សម្រាប់គោលបំណងផ្សេងៗ នៃជីវភាពរស់នៅធម្មតា មានដូចជា ការប្រើប្រាស់នៅតាមផ្ទះ រោងជាង ប្រើប្រាស់ក្នុងសួន ឬកន្លែងផ្តល់សេវាសាធារណៈផ្សេងៗទៀត។

មន្រ្តីជំនាញបានថ្លែងថា វិស័យម្ហូបអាហារត្រូវបានកើនឡើងទៅតាមកំណើន ប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ននូវម្ហូបអាហារ ដែលមិនមានអនុលោមភាព សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។

ក្នុងកិច្ចត្រួតពិនិត្យខាងលើនេះគេឃើញប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនូវទឹកចិត្តរីករាយសាទរ និងគាំទ្រចំពោះសកម្មភាព របស់មន្ត្រី សាខា ក.ប.ប. រាជធានីភ្នំពេញ ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុខមាលភាព និងការពារផលប្រយោជន៍ សេដ្ឋកិច្ច របស់ពួកគាត់ផងដែរ និងបានសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធ នឹងការត្រួតពិនិត្យម្ហូបអាហារ ជួយទប់ស្តាត់ទំនិញខូចគុណភាព ឬមិនមានបទប្បញ្ញត្តិបច្ចេកទេស នាំចូលមកដែលអាចប៉ះពាល់ជាយថាហេតុដល់សុខភាពយើងទាំងអស់គ្នា៕