2024-01-13 03:01
72

ព្រះសីហនុ៖ វេលាម៉ោង ១៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គីភ័យឆាបឆេះបន្ទប់បុគ្គលិកស្នាក់នៅជាន់ទី៣ កាសុីណូ «ហ្គោបូអុីស្ត» ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

ក្រោយពេលកើតហេតុ កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ ចេញជួយអន្តរាគមន៍សង្គ្រោះភ្លាមៗ នៅទីតាំងកន្លែងកើតហេតុ។ 

តាមមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យ បណ្តាលឱ្យឆេះខូចខាត សម្ភារៈក្នុងបន្ទប់ទាំងស្រុង តែមិនបង្កអោយមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ រីឯមូលហេតុសមត្ថកិច្ចជំនាញឲ្យដឹងថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។ 

សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការសង្រ្គោះនេះ ដោយមានការចូលរួមសហការពីកម្លាំងជំនាញ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ចំពោះមុខអគ្គីភ័យខាងលើត្រូវបានគ្រប់គ្រង់បានទាំងស្រុងមិនរីករាលដាលដល់បន្ទប់ផ្សេងទៀតឡើយ៕