2023-08-10 11:08
260


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់តំណែងប្រធានរដ្ឋសភាជាតិ គឺលោកជំទាវ ឃួន សុដារី។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានឃើញការផ្សាយព័ត៌មាន របស់វិទ្យុអាស៊ីសេរី តាមយូធូប។
  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារសំឡេងពិសេសឆ្លើយតបទៅនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរី នៅមុននេះបន្តិច ខ្ញុំបានប្រទះឃើញការផ្សាយតាមប្រព័ន្ធយូធូប របស់វិទ្យុអាស៊ីសេរី ដោយវ៉ៃប្រហារថា គណបក្សប្រជាជនកម្ពុជា កំពុងតែមានរឿងដ៏ធ្ងន់ធ្ងរ ដោយបញ្ហាមាន ២លើកឡើង៖
ចំណុចទី១- គេបានបង្ហាញថា រហូតដល់ពេលនេះ សម្តេច ម៉ែន សំអន ,សម្តេច ទៀ បាញ់ នៅមិនទាន់ប្រកាសគាំទ្រាំបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីនៅឡើយលើកឡើង មានតែសម្តេចក្រឡាហោម ស ខេង មួយប៉ុណ្ណោះ ដែលប្រកាសគាំទ្រ។ សម្តេចគិតឃើញថា ពួកនេះនៅតែឃ្លាតឱកាសវ៉ៃប្រហារផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ទោះបីជាដឹងថាការវ៉ៃប្រហារនេះគ្មានប្រយោជន៍ក៏ដោយ វាមិនមានការចាំបញ្ជាក់ទេ សូមថ្ងៃស្អែក រងចាំមើលការជួបជុំរបស់គណអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ជាមួយសមាជិករាជរដ្ឋាភិបាល អាណត្តិទី៦ នឹងត្រូវបញ្ចប់ ហើយរាជរដ្ឋាភិបាលថ្មី នឹងចូលកាន់តំណែងនាពេលដ៏ខ្លីខាងមុខនេះ។
   សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមវិទ្យុអាស៊ីសេរីកុំភ្លើពេក កុំល្ងើពេក កុំឆ្កឹកឆ្កៀលពេក ដែលធ្វើការដេញទាន់ជាន់កែងឲ្យសោះ»។
ចំណុចទី២- គេកំពុងថា គណបក្សប្រជាជនកំពុងដណ្តើមអំណាច តំណែងជាប្រធានរដ្ឋសភា សម្តេចតេជោបានបញ្ជាក់ថា «បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភាត្រូវបានរៀបចំតាំងពីឆ្នាំ២០២១ គឺលោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា នឹងក្លាយជាប្រធានរដ្ឋសភា អាណត្តិ៧ ដែលជាការលើកម្ពស់តួនាទីរបស់ស្ត្រី ឯកឧត្តម ជាម យាម នៅតែអនុប្រធានទី១ ដដែល និងឯកឧត្តម វង សូត្រ បច្ចុប្បន្ន ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនឹងក្លាយជាអនុប្រធានទី២ នៃរដ្ឋសភា»។
   សម្តេចតេជោ បានបញ្ជាក់ថា «ដូច្នេះបើអស់លោកល្ងង់ណាស់សូមស្វះស្វែងនឹងរកពិចារណាជាជាងអ្វីៗសុទ្ធតែជាទំនាស់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។ សុំឲ្យអស់លោកវិទ្យុអាស៊ីសេរី និងវិទ្យុបរទេសនិយាយជាភាសាខ្មែរដទៃទៀត ត្រូវចងចាំថា គណបក្សប្រជាជន គ្មានទម្លាប់ឈ្លោះប្រកែកគ្នា ដណ្តើមអំណាចគ្នា ដូចដែលអស់លោកធ្លាប់បាន និងកំពុងបាន ហើយនឹងឈានដល់ការដួលរលំដោយសារជម្លោះផ្ទៃក្នុងរបស់អស់លោក»។
  សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា «សម្រាប់តំណែងប្រធានរដ្ឋសភាជាតិ គឺលោកជំទាវ ឃួន សុដារី»៕