2023-08-09 10:08
136


កោះកុង ÷ យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីពួកគេ បានបើកម៉ូតូបុកជាមួយសត្វក្របី លើផ្លូវជាតិលេខ៤៨ កាលពីវេលាម៉ោងប្រមាណជាង៩ នាយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចអូរស្រីស្រណោះ ឋិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
   បើតាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះបានអោយដឹង អោយដឹងនៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ថា យុវជនដែលស្លាប់មានមានឈ្មោះ នី ពិសិដ្ឋ អាយុ១៩ឆ្នាំ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ  មុខរបរបុគ្គលិកទឹកស្អាត បើកបរម៉ូតូម៉ាក អ៊ិចស៊ីទ័រ ព័ណខ្មៅ គ្មានស្លាកលេខ បានស្លាប់នៅនិងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរមានឈ្មោះ សន លីហួរ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នករស់នៅក្បែរផ្ទះគ្នា មានមុខរបរជាកម្មករទឹកស្អាត បានរងរបួសធ្ងន់ ។
   ដោយឡែកលោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទបានលើកឡើងថា លោកសន្និដ្ឋាន ថា ហ្វូងសត្វក្របីខាងលើភាគច្រើនជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដោយពួកគាត់ភាគច្រើនចិញ្ចឹមសត្វដោយការព្រលែងពុំមានចំណងត្រឹមត្រូវនោះឡើយ ដោយបានបណោយអោយហ្វូងសត្វរបស់ខ្លួនដើរពាសវាលពាសកាល និងតែងតែបង្ករបញ្ហាដល់អ្មកដំណើរជាហូរហែ បើទោះបីជាកន្លងមកអាជ្ញាធរមានសមត្ថកិច្ច ធ្លាប់បានកោះហៅម្ចាស់សត្វពាហនៈទាំងនោះ មកធ្វើការណែនាំជាច្រើនលើកសារហើយយ៉ាងណាក្តី ក៏ភាគីម្ចាស់សត្វទាំងនោះ ហាក់ពុំសូវចូលរួមសហការនោះឡើយ ។
   ជុំវិញបញ្ហាខាងលើ មហាជនជាច្រើន បានធ្វើការសំណូមពរដល់ម្ចាស់ចិញ្ចឹមសត្វពាហនៈទាំងអស់ មេត្តាចិញ្ចឹមសត្វដោយប្រកាន់នូវគោលជំហរខ្ពស់ កុំប្រលែងសត្វចិញ្ចឹមរបស់ខ្លួនអោយដើរអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ និងបង្កជាបញ្ហាផ្សេងៗទៅដល់ការធ្វើដំណើររបស់អ្នកដទៃផងដែរ ពិសេសស្នើរដល់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការផ្លូវច្បាប់ទៅលើម្ចាស់សត្វពាហនៈដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ។
  សូមរំលឹកថា កន្លងមកនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកោះកុង ក៏ធ្លាប់ជួបប្រទះនូវបញ្ហាផ្សេងៗជាច្រើនជាមួយសត្វពាហនៈនៅតាមដងផ្លូវ រហូតបង្កទៅជារបួសធ្ងន់ស្រាល និងស្លាប់ជាច្រើនករណី តែម្ចាស់ចិញ្ចឹមសត្វ ហាក់ពុំដែលចេញមុខមកដោះស្រាយនោះឡើយ ដោយពួកគាត់តែងតែធ្វើការបដិសេដ្ឋថា សត្វនោះពុំមែនជារបស់ខ្លួន ៕