2023-03-23 03:03
625

នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សមាគមមិត្តភាពឡាវ-កម្ពុជា ខេត្តអត្តពឺ ដឹកនាំដោយលោក ស្រី មីនាផន សៃសំភូ លេខារងបក្សខេត្ត និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ខេត្តអត្តពឺនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ងិន ណែល អភិបាលខេត្តស្តីទី ខេត្តរតនគិរីនៅសាលប្រជុំVIPសាលាខេត្តរតនគិរី។

នៅក្នុងជំនួបនេះលោកស្រី មីនាផន សៃសំភូ បានសន្យាពង្រឹងទំនាក់ទំនងមិត្តភាពរវាងខេត្តអត្តពឺនិងខេត្តរតនគិរីឱ្យកាន់តែជិតស្និទ្ធនិងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត។ជាពិសេសបន្តយន្តការសម្របសម្រួលដល់ការផ្លាស់ប្តូរព័ត៌មាន សួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងនាមប្រទេសជិតខាងដ៏ល្អដែលជាមូលដ្ឋានគ្រឹះរឹងមាំក្នុងការបង្កើតកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍រវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា(និយាយរួមនិងនិយាយដោយឡែកខេត្តអត្តពឺ និងខេត្ត

រតនគិរី)។ក្នុងឱកាសនេះលោកស្រី មីនាផន សៃសំភូ បានជូនពរទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាព សាមគ្គីភាព រវាងខេត្តអត្តពឺនិងខេត្តរតនគិរីឱ្យស្ថិតស្ថេរជានិច្ចនិរន្តរ៍។

ជាការឆ្លើយតប ឯកឧត្តម ងិន ណែល បានចាត់ទុកសមាគមមិត្តភាពឡាវ-កម្ពុជា គឺជាស្ពានចម្លងដើម្បីរួមចំណែកពង្រឹង ពូនជ្រុំចំណងមិត្តភាពរវាងឡាវ និងកម្ពុជាក៏ដូចជារវាងខេត្តអត្តពឺនិងខេត្តរតនគិរីផងដែរ។ ហើយក្នុងនាមខេត្តជាប់ព្រំដែន ឯកឧត្តមអភិបាលខេត្តស្តីទីបានលើកឡើងថា ខេត្តទាំងពីរ នឹងខិតខំជំរុញលើកកម្ពស់ និងពង្រឹងចំណងសាមគ្គីភាព  មិត្តភាព  និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើងថែមទៀត ៕