2024-03-12 07:03
95

សៀមរាប៖ អគ្គនាយិការក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើលដ៍» លោកស្រីឧកញ៉ា ឡេង ចាន់ណា ត្រូវបានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនបានហើយ នារសៀលថ្ងៃអង្គារនេះ។ 

តាមប្រភពពីមន្ត្រីតុលាការខេត្តសៀមរាប បានបញ្ជាក់ថា លោកស្រីឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធី វើលដ៍» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តសៀមរាប ចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះ។ 

ប្រភពបានឲ្យដឹងទៀតថា ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួករបស់ខ្លួន ត្រូវបានប្រជាពលរដ្ឋចោទថា «បានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគ ទទួលបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះបានការស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត»។ 

តាមប្រភពបានបន្ថែមថា «មានប្រជាពលរដ្ឋរាប់ពាន់នាក់ បានចាញ់បោកលោកស្រីឧកញ៉ា ឡេង ចាន់ណា ដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគជាមួយ ដែលរហូតពេលនេះត្រូវសងធនាគារវិញយ៉ាងលំបាក។ នៅទីបំផុត កម្លាំងនគរបាលខេត្តសៀមរាប បានអនុវត្តដីការបស់តំណាងអយ្យការ ឃាត់ខ្លួនឧកញ៉ារូបនេះតែម្តង»។ 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ឲ្យបានបញ្ជាក់ថា៖ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននរគបាលខេត្ត សៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។ 

ការចាប់ខ្លួនឧកញ៉ាឆបោកប្រាក់ពលរដ្ឋរាប់ពានអ្នកនោះ ដោយផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងបទល្មើស «ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់»។ 
បច្ចុប្បន្ន ជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕