2023-10-07 03:10
257

(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំសហការី និងបងប្អូនញាតិមិត្ត ក្នុងខេត្តស្ទឹងត្រែង ចូលរួមកាន់បិណ្ឌទី៨ នៅវត្តព្រះពោធិ៍ញ្ញាណ (ហៅវត្តព្រះអង្គធំ) នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ និងបានប្រគេនទេយ្យវត្ថុ ព្រមទាំងបច្ច័យសម្រាប់កសាងសរុប ចំនួន៥,០១៥,០០០រៀល។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានថ្លែងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ទើបយើងបានធ្វើបុណ្យធ្វើទាន និងការគោរពប្រតិបត្តិ បូជាតាមជំនឿសាសនា សុខសន្តិភាពកើតមានក្នុងប្រទេសកម្ពុជាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងគង់វង្សជារៀងរហូត មានសុខសន្តិភាពទើបមានអ្វីៗទាំងអស់ ហើយសូមបងប្អូនប្រជាពលរដ្ឋខិតខំបង្កបង្កើនផល និងធ្វើការរកស៊ីទទួលទាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ នេះជាពេលវេលាមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាមនានា។

ក្នុងពិធីកាន់បិណ្ឌទី៧នេះ ជាការប្រតិបត្តិទៅតាមទំនៀមទំលាប់ប្រពៃណី នៃព្រះពុទ្ធសាសនា មានពីធីនមស្សកា ព្រះរតនត្រ័យ សមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត រាប់ បាត្រ បង្សុកូល វេរចង្ហាន់ និងគ្រឿងបរិក្ខាប្រគេនព្រះសង្ឃផងដែរ។

បន្ទាប់ពីថ្វាយគ្រឿងសក្ការៈបូជា នមស្សការថ្វាយព្រះរតនៈត្រៃ សមាទានសីល ទៅតាមទំនាម ទម្លាប់ប្រពៃណីសាសនារួចមក លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ព្រមទាំងសហការី និងប្រជាពលរដ្ឋ បានអញ្ជើញយកចង្ហាន់រាប់បាត្រ និងបង្សុកូល ឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន យុទ្ធជនពលីជិវិត ដើម្បីបុព្វហេតុជាតិ និងឧទ្ទិសកុសល់ដល់សាច់ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋានទៅបរលោកខាងមុខ និងបួងសួង សូមឱ្យជួបតែសេចក្តីសុខសប្បាយគ្រប់ពេលវេលា៕