2023-07-10 11:07
265


ភ្នំពេញ៖ ពិតជាថ្លើមធំមែន! ក្រុមចោរហារយមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់តូបលក់់ ដូរអីវ៉ាន់ ចំនួន ០២កន្លែងនៅជាប់នឹងបន្ទាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ លួចយកសម្ភារៈអស់ជាច្រើនមិនរំខានដំណេកអស់លោកជាមន្ត្រីនគរបាលប៉ុស្តិ៍ដែលដេកប្រចាំការជាប់នឹងកន្លែងកើតហេតុតែម្តង។


   តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ករណីក្រុមចោរហារយគាស់តូបលក់ភេសជ្ជៈនេះ បានកើតឡើងនៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ខាងមុខជាប់របងជញ្ជាំងបន្ទប់ប៉ុស្តិ៍នគរបាល ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ដោយលួចយកទ្រព្យសម្បត្តិអស់មួយចំនួនមិនបង្ករំខានដល់កម្លាំងនគរបាលដែលដេកប្រចាំការជាប់តូបកើតហេតុឡើយ លុះដល់ព្រឹកឡើងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ ម្ចាស់តូបទាំង ០២កន្លែងបើកតូបលក់ ដូរដូចសព្វដងទើបដឹងថាចោរគាស់សោរលួចបង្កការភ្ញាក់ផ្អើលតែម្តង។
   ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវក្រុមចោរហារយគាស់តូបលក់ ដូរលួចយកសម្ភារៈ និងទ្រព្យសម្បត្តិជាប់ប៉ុស្តិ៍ប៉ូលិសសង្កាត់ចោមចៅទី៣ តូបទី១ ជាតូបលក់កាហ្វេ និងភេសជ្ជៈរបស់ក្មួយស្រីលោកចៅសង្កាត់ចោមចៅទី៣ បាត់បង់លុយកាក់របស់របរបន្តិចបន្តួច និងតូបទី២ ជាតូបលក់ភេសជ្ជៈ របស់ប្រពន្ធលោកមេភូមិថ្នល់បំបែក បាត់បង់អស់គ្រឿងកំប៉ុង របស់របរ សរុបប្រមាណជិត ៤០០ដុល្លារ
   មហាជនជនសំដែងការអស់ជំនឿលើការដឹកនាំ របស់លោកវរសេនីយ៍ត្រី ថេង កុសល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ យ៉ាងខ្លាំង មិនគួរអសមត្ថភាពបណ្តែតបណ្តោយឱ្យក្រុមចោរហារយធ្វើសកម្មភាពគាស់តូបលក់ ដូរជាប់នឹងច្រមុះបណ្តោយឱ្យក្រុមចោរលួចយកសម្ភារៈអស់គ្មានសល់មិនរំខានដំណេកបែបនេះទាន់តែសោះ។    មហាជនរិះគន់ថា “មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ចោមចៅទី៣ ដែលប្រចាំការយាមដេក ឬដេកឈាម” បានជាគាស់ខ្ទុងខ្ទាំងជាប់របងប៉ុស្តិ៍លួចយកអស់អីវ៉ាន់គ្មានសល់គ្មានរំខាន។
ចំពោះសកម្មភាពក្រុមចោរហារយទាំងនេះ ហាក់មីដូចជាមើលងាយសមត្ថកិច្ចភាព របស់លោកវរសេនីយ៍ត្រី ថេង កុលស នាយប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ពេកហើយ ឬលោកចោរឌឺចង់ដឹងពីសមត្ថភាពរបស់ប៉ូលិសសង្កាត់ចោមចៅទី៣ ដែលប្រចាំការដេកយាម ឬយាមដេក? 
   តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះគិតថាមានសុវត្តិភាព តូបលក់ដូរទាំង២ ស្ថិតនៅខាងមុខជាប់របងប៉ុស្តិ៍នគរបាល នឹងសាលាសង្កាត់ ក្រោយពីឈប់លក់ដូរយប់ឡើងចាក់សោរ ម្យ៉ាងទៀតនៅជាប់ជញ្ជាំងប៉ុស្តិ៍ និងតូប មានមន្ត្រីនគរបាលស្នាក់នៅពេលយប់ដែរ តែដល់ពេលនៅយប់កើតហេតុ មិនដឹងថាយ៉ាងម៉េច បានជាចោរគាស់សោរ ទ្វារតូបបានស្រួលម្ល៉េះ លួចខ្ទេចគ្រឿងឥវ៉ាន់លក់ដូរ
   ប្រជាពលរដ្ឋរងចាំមើលថា លោកមេប៉ុស្តិ៍សង្កាត់ចោមចៅទី៣ អាចស្រាវជ្រាវរកមុខក្រុមចោរហារយកលួចគាស់តូបលក់ ដូររបស់ចៅស្រីលោកចៅសង្កាត់ និងលោកមេភូមិថ្នល់បំបែកយកមកផ្តន្ទាទោសបានដែរឬទេ? ៕