2023-05-19 06:05
299

ថ្ងៃសុក្រ ១៥ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣  ថ្លែងក្នុងកិច្ចប្រជុំ លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា នេះជាកិច្ចប្រជុំលើកដំបូង នៃក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រ ក្នុងខេត្តកោះកុងរបស់យើង។ ដូចនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនាពេលនេះ គឺជាយន្តការមួយប្រកបដោយប្រសិទ្ធភាព ក្នុងការជជែកពិភាក្សារួមគ្នា រវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវឯកសារគតិយុត្ត និងរបៀបរបបការងារពាក់ព័ន្ធនឹងវិស័យជលផលសមុទ្រ។

ដូចលោក លោកស្រី បានជ្រាបរួចមកហើយថា ខេត្តកោះកុង គឺជាខេត្តមួយ ដែលមានផ្ទៃសមុទ្រ និងមានធនធានជលផលដ៏សម្បូរបែប។ ប៉ុន្តែក៏មានធនធានជលផលខ្លះត្រូវបានសិក្សាឃើញថា ជាធនធានកម្រ និងបានបាត់បង់ ថយចុះបន្តិចម្តងៗ ដែលតម្រូវឱ្យក្រុមការងារ និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវស្វែងយល់ ចូលរួមអភិរក្ស និងរួមគ្នាដោះស្រាយជាចាំបាច់។ ខ្ញុំជឿជាក់ថា ក្នុងខេត្តកោះកុង ធ្លាប់បានធ្វើសកម្មភាពបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅឃុំពាមក្រសោប ក្នុងស្រុកមណ្ឌលសីមា ការគ្រប់គ្រងអណ្តើកហ្លួងឬអណ្តើកសសៃរ និងក្រពើក្នុងប្រព័ន្ធព្រែកស្រែអំបិល ក្នុងស្រុកស្រែអំបិល រួមជាមួយនឹង សកម្មភាពផ្សេងទៀតរួចមកហើយ។ ប៉ុន្តែទោះជាយ៉ាងណា សកម្មភាពទាំងនេះ នៅមិនទាន់មានវិសាលភាពធំទូលាយនោះទេ សម្រាប់ការការពារ និងអភិរក្សធនធានជលផលសមុទ្ររបស់យើង ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តរួមគ្នាសិក្សា និងស្វែងរកដំណោះស្រាយបន្ថែមទៀត៕