2024-02-10 11:02
61

កំពង់ស្ពឺ៖ ករណីបុគ្គលម្នាក់ ដែលបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ០.៩៣mg/L អាងខ្នងក្រាសបើកបុក និងកិនសារជីរបស់សមត្ថកិច្ចអូសជាង ១០ម៉ែត្រ នៅគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅស្រកបរសដ្ឋ ហើយបានស្រែកឡូឡាគំរាមនគរបាលជាអ្នកអនុវត្តច្បាប់យកអំណាចបងប្អូនសាច់ញាតិធ្វើការងារធំនៅខេត្តកំពង់ស្ពឺចាំអន្តរាគមន៍ ទីបំផុតបាក់ម្មុងដូចត្រីត្រីកញ្ចុះសុខចិត្តយល់ព្រមទទួលកំហុស សុំទោសសមត្ថកិច្ចធ្វើកិច្ចសន្យា សងការខួចខាង និងផាក់ពិន័យ ចំនួន ២លានរៀល តាមច្បាប់កំណត់។ នេះបើការការបញ្ជាក់របស់លោកឧត្តមសេនីយ៍ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ។

បុរសអាងអំណាចអះអាងខ្លួនសាច់ញាតិធ្វើការធំ នៅ «ស.ក.ខ.» ខេត្តកំពង់ស្ពឺ បុកប៉ារ៉ាស់នគរបាលចរាចរណ៍ខាងលើ មានឈ្មោះ ឃឹម វណ្ណៈ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិសាម៉រ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកបររថយន្ត ០១គ្រឿង ម៉ាក FORD TERRITORY TITANIUM X ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ស្លាកលេខកម្ពុជា VANNAK99 បំបុកកម្លាំងនគរបាលដែលកំពុងបំពេញការងារនៅគោលដៅត្រួតពិនិត្យជាតិស្រវឹង បណ្ដាលឲ្យខូចខាតសម្ភារៈ និងរត់ជាន់ជើងគ្នាព្រលឹងចុងសក់។

ករណីបុរសជើងខ្លាំងអាងខ្នងអ្នកធំ បើករថយន្តបំបុកប៉ារ៉ាស់សមត្ថកិច្ចនគរបាលចរាចរណ៍ បានកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈកម្លាំងចម្រុះអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដាក់គោលដៅត្រួតពិនិត្យ អនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងធ្វើតេស្តជាតិស្រវឹងពេលយប់លើផ្លូវក្រាលកៅស៊ូ នៅភូមិរកាកោង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា «ករណីបុគ្គលម្នាក់ដែលបើកបរក្នុងស្ថានភាពស្រវឹងបំបុកគោលដៅរបស់នគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ខណៈពេលបំពេញភារកិច្ចរឹតបន្តឹងការអនុវត្តន៍ច្បាប់រចារណ៍ផ្លូវគោកនោះ ជាវិធានការជនបង្កបានទទួលកំហុសសុំទោសមត្ថកិច្ច សងការខួចខាត ណែនាំធ្វើកិច្ចសន្យា និងធ្វើការផាកពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»
សូមរឭកថា កាលយប់ថ្ងៃទី០៨ ខែកុម្ភៈ កន្លងទៅ កម្លាំងសមត្ថកិច្ចចរាចរណ៍ស្រុកបសេដ្ឋ ខណៈកំពុងអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ ស្រាប់តែមានរថយន្ត ០១គ្រឿងម៉ាក FORD TERRITORY TITANIUM X ពណ៏ខ្មៅ សេរីឆ្នាំ២០២៣ លេខកម្ពុជា VANNAK99 បើកបរដោយឈ្មោះ ឃឹម វណ្ណៈ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិសាម៉រ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកយ៉ាងលឿន មកដល់គោលដៅមិនបន្ថយល្បឿន រួចទៅបុកបង្គោលសាជីភ្លើងសញ្ញាបំពាក់សម្រាប់សម្គាល់គោលដៅសមត្ថកិច្ច អូសចំងាយប្រហែលជាង ១០ម៉ែត្រ និង បានចុះមកស្រែកឡូឡារករឿងសមត្ថកិច្ចនៅកន្លែងគោលដៅ ដោយមិនព្រមសហការជាមួយសមត្ថកិច្ចដើម្បីធ្វើការវាស់រកសាធាតុស្រវឹងដោយអះអាងថា «មានបងធ្វើការធំនៅខេត្តកំពង់ស្ពឺ» ចាំអន្តរាគមន៍ លុះដល់ម៉ោង ២១និង២០នាទី ទើបព្រមសហការដោយពិនិត្យឃើញសាធាតុស្រវឹង ជាក់ស្តែង ឲលទ្ធផល ០.៩៣mg/L ក្នុងមួយលីត្រខ្យល់បញ្ជាក់ថា «ជាតិស្រវឹងខ្ពស់ល្មើសច្បាប់»។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយទាក់ទងសាច់ញាតិបងប្អូនខ្សែស្រឡាយធ្វើការធំ នៅខេត្តកំពង់ស្ពឺមិនបាន កម្លាំងនគរបាលបាននាំយករថយន្ដមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។ ចំណែកអ្នកបើកបរបានឱ្យចូលសំរាកនៅផ្ទះសំណាក់យីហោ «សុខ ចាន់ធី»  រីឯបទល្មើសដែលរកឃើញ សាធាតុស្រវឹង លទ្ធផល០.៩៣mg/L ក្នុងមួយលីត្រខ្យល់ ច្បាប់ពិន័យ ជាទឹកប្រាក់ ចំនួន ២,០០០,០០០ រៀល ( ពីលានរៀលគត់ )។ 

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្ដនីតិវិធីបទល្មើសបុគ្គលខាងលើ ប៉ុន្តែខ្សែស្រឡាយខ្នងក្រាស់មិនទាន់ចេញមុខមកអន្តរាគមន៍ ឬកាងឡើយ ក្រោយដឹងកំហុសមត្ថកិច្ចជំនាញបានចាត់ចែងតាមនិតិវិធីចប់សព្វគ្រប់ហើយ និងបានអនុញ្ញាត្តិឱ្យវិលទៅផ្ទះវិញផងដែរ៕