2023-04-21 02:04
371

តាកែវ៖ មុខសញ្ញាក្រុមចោរឆក់ការបូបលុយ និងទូរស័ព្ទដ៏សកម្មក្នុងភូមិសាស្ត្រក្រុងដូនកែវ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនតាមដីការបស់តុលាការពីបទៈ លួចមានស្ថានទម្ងន់ទោស ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ត។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដាក់បទបញ្ជាឲ្យមន្ត្រីជំនាញឲ្យស្រាវជ្រាវតាមចាប់មុខសញ្ញាជនសង្ស័យជំនាញខាងឆក់នេះ ទើបនៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងអាវុធហត្ថស្រុកបាទីចាប់ខ្លួនបានតែម្តង។

ការចុះបង្ក្រាបមុខសញ្ញាខាងលើ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ចុះអនុវត្តន៍ដីកាបញ្ជាឱ្យចូលខ្លួន លេខ០៦០ ចុះថ្ងៃទី២១/០៤/២០២៣ ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់) ចេញដោយលោក ទៀវ ពណ្ណរាយ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ។ជាលទ្ធផលសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ជនសង្ស័យម្នាក់ឈ្មោះ ជា លីម ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។ 

បច្ចុប្បន្នកំម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕