2023-09-26 10:09
136

ក្រុងប៉ោយប៉ែត ៖ សូមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយមើលលោក តាន់ គឹមរិទ្ធិ ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ផងទាន ព្រោះមន្រ្តីថ្នាក់ក្រោមជាតិ មិនអាចធ្វើអ្វីលោកតាន់ គឹមរិទ្ធិ បានទេ ដោយសារតែតួនាទី និងអំណាច។

បច្ចុប្បន្ន លោក តាន់ គឹមរឹទ្ធិ កំពុងតែយកអំណាច តួនាទីរបស់ខ្លួន ជាក្រុមប្រឹក្សាក្រុងប៉ោយប៉ែត រំលោភយកដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ធ្វើអោយពលរដ្ឋ ៤៤គ្រួសារ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការក្ដៅក្រហាយ និងកើតទុក្ខមិនសុខចិត្ដ បានធ្វើលិខិតអន្តរាគមន៍ជាច្រើនលើក ទៅអាជ្ញាធរក្រុងប៉ោយប៉ែត និងក្រសួងដែនដី រហូតដល់បច្ចុប្បន្ន នៅតែគ្មានដំណោះស្រាយ។

យោងតាមពាក្យសុំអន្តរាគមន៍របស់ពលរដ្ឋ ៤៤គ្រួសារ ចូលទៅសាលាក្រុងប៉ោយប៉ែត កាលពីថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ មានខ្លឹមសារដូចតទៅ ៖
តបតាមកម្មវត្ថុស្នើសុំបើកផ្លូវសាធារណៈមួយខ្សែ ដែលមានក្បាលដីលេខ៣១៤ ដែលត្រូវបានបិទដោយលោក តាន់ គឹមរិទ្ធិ ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទនាងខ្ញុំទាំងអស់គ្នា មានកិត្តិយសសូមជម្រាបជូនលោកអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត មេត្តាជ្រាបដ៍ខ្ពង់ខ្ពស់ថា ផ្លូវសាធារណៈមួយខ្សែខាងលើ ត្រូវបានធ្វើរបងសំណង់រឹង ហ៊ុំព័ទ្ធបិទជិតផ្លូវ មិនអោយពលរដ្ឋនៅតំបន់នេះ ធ្វើដំណើរចេញចូលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដោយលោក តាន់ គឹមរិទ្ធិ ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ក្នុងគោលបំណង សាងសង់សំណង់អាគារនានា និងប្រើប្រាស់ផ្លូវសាធារណៈមួយខ្សែនេះជាប្រយោជន៍ផ្ទាល់ខ្លួន។

លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ពលរដ្ឋបានប្ដឹងទៅអាជ្ញាធរក្រុងប៉ោយប៉ែត ដោយលោក តាន់ គឹមរិទ្ធិ បានមកធ្វើការសម្របសម្រួល និងធ្វើកិច្ចសន្យានៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ដោយលោក តាន់ គឹមរិទ្ធិ សន្យាថាផ្លូវមួយខ្សែនេះ លោកគ្រាន់តែធ្វើការបិទ ដើម្បីសាងសង់អាគារជាបណ្ដោះអាសន្នតែប៉ុណ្ណោះ ក្រោយសាងសង់រួចនឹងបើកផ្លូវនេះ អោយពលរដ្ឋធ្វើដំណើរវិញបាន។ ក្រោយមកនៅក្នុងកំឡុងឆ្នាំ២០១៩ ដដែលនេះ មន្ទីរសុរិយោដីខេត្ដបន្ទាយមានជ័យ បានចុះមកធ្វើប្លង់ជាលក្ខណៈប្រព័ន្ធ អោយពលរដ្ឋ។ ឆ្លៀតពេលនោះ លោកតាន់ គឹមរិទ្ធិ បានឃុបឃិតជាមួយមន្រ្តីសុរិយោដី បិទយកផ្លូវមួយខ្សែរនេះ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយធ្វើការចុះបញ្ជីជាកម្មសិទ្ធិរបស់ខ្លួន។

ក្រោយមក ពលរដ្ឋ ៤៤គ្រួសារ បានដឹងថាលោក តាន់ គឹមរិទ្ធិ បានធ្វើបណ្ណកម្មសិទ្ធិរំលោភយកដីផ្លូវសារធារណៈ មួយខ្សែនោះ ពលរដ្ឋបានដាក់ពាក្យប្ដឹងទៅមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ដបន្ទាយមានជ័យ សុំអន្តរាគមន៍ និងបានដាក់ពាក្យប្ដឹងទៅក្រសួងរៀបចំដែនដីសុំអន្តរាគមន៍បើកផ្លូវឡើងវិញ។

ក្រោយពីមានការអន្តរាគមន៍ ពីក្រសួងរៀបចំដែនដី ទើបមន្ទីររៀបចំដែនដីខេត្ដបន្ទាយមានជ័យ រៀបចំបើកផ្លូវក្នុងប្លង់ឡើងវិញក្ដី តែលោក តាន់ គឹមរិទ្ធិ នៅតែមិនព្រមបើកផ្លូវអោយពលរដ្ឋប្រើប្រាស់រហូតមកទាល់បច្ចុប្បន្ននេះ ទើបនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ពលរដ្ឋដាក់ពាក្យសុំអន្តរាគមន៍សាជាថ្មីទៅសាលាក្រុងប៉ោយប៉ែត។

បើប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនជួយដល់ពលរដ្ឋ ៤៤គ្រួសារនេះទេ ប្រាកដជាអំណាចលោក តាន់ គឹមរិទ្ធិ រំលោភយកដីផ្លូវបានដោយជោគជ័យជាក់ជាមិនខាន។ ជុំវិញករណីខាងលើក្រុមការងារយើង មិនអាចស្វែងរកការបំភ្លឺពីលោក តាន់គឹមរិទ្ធិ បានទេ ៕