2023-12-17 05:12
127

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពបើកវគ្គសិក្ខាសាលាស្តីពីការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្រ្តីដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
    សិក្ខាសាលានេះ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)និងមានការជួយឧបត្ថម្ភជ្រោមជ្រែងពីសំណាក់អង្គការយូណេស្កូ(UNESCO) នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។
    សេនីយ៍ឯក ជួន ណារិន្ទ ថ្លែងថា នៅក្នុងបរិបទនៃលទ្ធិប្រជាធិបតេយ្យ តួនាទីរបស់អ្នកសារព័ត៌មានគឺមាសារសំខាន់និងមិនអាចមើលរំលងបាននោះទេ ជាកញ្ចក់ឆ្លុះបញ្ចាំងរាល់តថភាពសង្គមដែលកើតឡើងហើយជូនដំណឹងដល់ រដ្ឋាភិបាលដើម្បីពិនិត្យដោះស្រាយ។ អ្នកសារព័ត៌មាននិងនិយាយដោយឡែកអ្នកសារព័ត៌មានស្រ្តី គឺជាសសរស្តម្ភសំខាន់នៃសង្គមប្រជាធិបតេយ្យដែលតែងតែឈរជួរមុខ អនុវត្តភារកិច្ចរបស់ខ្លួនដោយសុចរិតភាពនិងមាន វិជ្ជាជីវៈត្រឹមត្រូវដែលចាំបាច់ត្រូវគោរពនិងផ្តល់តម្លៃ។
     ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបន្តទៀតថា គោលបំណងសំខាន់ នៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការនឹងបង្កើនការយោគយល់គ្នារវាងមន្រ្តីអនុវត្តច្បាប់និងអ្នកសារព័ត៌មានជាស្រ្តី និងជាពិសេសស្វែងយល់ឱ្យកាន់តែច្បាស់អំពី៖១,តួនាទីរបស់អ្នកសារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ ២,បញ្ហាប្រឈមដែលអ្នកសារព័ត៌មានជាស្រ្តីជួបប្រទះនៅពេលចុះបំពេញការងារ ៣,ការស្វែងយល់ពីច្បាប់របស់កម្ពុជា និងអន្តរជាតិ ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានពិត ដោយសេរីនិងឯករាជ្យ ក្នុងសង្គមលទ្ធិប្រជាធិបតេយ្យក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ៕