2023-09-25 12:09
175

ភ្នំពេញ៖ ភាពមិនប្រក្រតីក្នុងការស្នើរសុំដោះចំណតរថយន្ត ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយជ័យ របស់ក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណ នីហរ័ណ និងសំណង់ ជាមួយរដ្ឋបាលខេត្តបន្ទាយជ័យ ចាប់ផ្តើមកក្រើកសារជាថ្មី បន្ទាប់បរាជ័យនាពេលកន្លែងមក ដោយសម្តេចតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានហាមឃាត់មិនឲ្យមានការដោះដោយរក្សាទុកនៅដដែល ដើម្បីឲ្យប្រជាពលរដ្ឋប្រកបអាជីវកម្មរកស៊ីចិញ្ចឹមក្រពះ។ 

គ្រាន់តែចូលដល់ដើមអាណត្តិរដ្ឋាភិបាលថ្មី ក្រោយការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំរាជរដ្ឋាភិបាលមិនទាន់ក្តៅម៉ាស៊ីនផង ស្រាប់តែក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណ នីហរ័ណ និងសំណង់ និងអាជ្ញាធរខេត្តបន្ទាយជ័យ រៀបចំយុទ្ធសាស្ត្របណ្តេញក្រុមអាជីវករ អ្នករត់តាក់ស៊ីមិនឲ្យប្រកបកិច្ចការលើទីតាំងចំណតរថយន្តចាស់នោះ ក្នុងគោលបំណងសាងសំណុំផ្ទះល្វែង ឬអគារពាណិជ្ជកម្មលក់ក្នុងតម្លៃថ្លៃកប់ពពក ដោយរុះរើឲ្យទៅកន្លែងថ្មីមានចំងាយប្រមាណជិត ២គីឡូម៉ែត ដែលតម្លៃដីខុសគ្នាដូចមេឃ និងដី។ 

ក្រោយពីធ្លាយរឿងដោះចំណតរថយន្តក្រុងសិរីសោភ័យសារជាថ្មី លោកបណ្ឌិត កែ គឹម យ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ដាក់លិខិតសុំអត្តរាគមន៍ទៅកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយលរដ្ឋមន្ត្រី ដើម្បីសុំរក្សាទីតាំងចំណតរថយន្តនៅដដែល ដើម្បីបម្រើផលប្រយោជន៍រួម។ 

សូមជម្រាបថា ចំណតរថយន្តក្រុងសេរីសោភ័ណ ក្រុមឈ្មួញមានលុយ និងឥទ្ធិពលរៀបចំសំណុំឯកសារទៅថ្នាក់លើ ដើម្បីដោះដូរចំណតរថយន្តខាងលើតាំងពីអាណត្តិមុនម្ល៉េះ តែពេលនោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការដោះដូរទេ។ ឥលូវនេះអាណត្តិថ្មីឈ្មួញថ្មី ព្យាយាមសុំដោះដូរម្ដងទៀត។ អ្វីដែលសំខាន់នោះ គឺសង្ស័យមានការភូតកុហក ថ្នាក់ដឹកនាំពាក់ព័ន្ធតម្លៃពន្ធក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំណត់ពន្ធ ១០០០ដុល្លារ ក្នុង ១ម៉ែត្រការ៉េ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដាក់តែ ៤០០ដុល្លារប៉ុណ្ណោះ។  

លោកបណ្ឌិតសភាចារ្យ ហ៊ុង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ ទីស្ដីការគណៈរដ្ឋមន្ត្រីជម្រាបជូនជ្រាបអភិបាលខេត្តបន្ទាយមានជ័យថា «ចំពោះករណីសំណេរក្សាទុកចំណតរថយន្តក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាលសម្រេចឱ្យរដ្ឋបាល ខេត្តបន្ទាយមានជ័យ ធ្វើរបាយការណ៍តាមរយៈក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានគោរពជូន សម្តេចមហាបវបតី នាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេចដ៏ខ្ពង់ខ្ពស់»។ 

ករណីនេះតាមលិខិតចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ របស់ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីស្នើសុំរក្សាដីចំណតរថយន្តក្រុងសិរីសោភ័ណ។ 

លិខិតបំភ្លឺរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នក្រុងសិរីសោភ័ណ មានការអភិវឌ្ឍន៍យ៉ាងខ្លាំង ការធ្វើចរាចរណ៍ថយន្តមានភាពមមាញឹកគួរឲ្យកត់សំគាល់ ហើយទីតាំងបេនឡានក្រុងសិរីសោភ័ណ មានលក្ខណៈតូចចង្អៀត មិនមានទីធ្លាគ្រប់គ្រាន់សំរាប់ចតរថយន្ត និងគ្មានអគារសម្រាប់ភ្ញៀវ អង្គុយរង់ចាំ គ្មានបន្ទប់ទឹក គ្មានហេដ្ឋារចនាសម្ព័ន្ធ សមស្របតាមតម្រូវការរបស់ភ្ញៀវជាតិចនិងភ្ញៀវ ទេសចរណ៍អន្តរជាតិ សម្រាប់ចូលទៅអង្គុយរង់ចាំរថយន្ត ដើម្បីធ្វើដំណើរទៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា។ 

កន្លងមកចំណតរថយន្តចាស់រងការរិះគន់ពីប្រជាពលរដ្ឋនៅពេលរដូវវស្សាទឹកលិចបរិវេណចំណតរថយន្ត និងជុំវិញចំណតរថយន្ត ជារៀងរាល់រដូវវស្សាពេលមានភ្លៀងធ្លាក់ម្តងៗ។ ដោយពិនិត្យឃើញអំពីបញ្ហានេះ ក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណ នីហរ័ណ និងសំណង់ បានរៀបចំ សំណើក្នុងការដោះដូរទីតាំងចំណតរថយន្តក្រុងសិរីសោភ័ណ ខេត្តបន្ទាយ-មានជ័យ។ 

ក្រោយពីរដ្ឋបាលខេត្តបន្ទាយមានជ័យបានទទួលលិខិតលេខ ០១៣/២៣ ឈ.ច ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ របស់ក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណ នីហរ័ណ និងសំណង់ ស្នើសុំការអនុញ្ញាតធ្វើដោះដូរទីតាំងដី ចំនួន ០៤កន្លែង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយសុំកំណត់តម្លៃស្មើគ្នារវាងទីតាំងចាស់ និងទីតាំងថ្មី ព្រមទាំងស្នើសុំ វិនិយោគ និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តគ្រប់ប្រភេទ រយៈពេល ៣០ឆ្នាំ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ បានគោរពស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីឲ្យរដ្ឋបាលបន្ទាយមានជ័យ ធ្វើការដោះដូរទីតាំងដីចំនួន ០៤កន្លែង ទំហំ ៣៣.៣៣៣ ម៉ែត្រការ៉េ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយដីរបស់ក្រុមហ៊ុន ទំហំ ៥០.០០០ ម៉ែត្រការ៉េ ដោយការដោះដូរក្នុងតម្លៃស្មើគ្នារវាងដីទីតាំងចាស់ និងដីទីតាំងថ្មី ព្រមទាំងស្នើសុំវិនិយោគ និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តគ្រប់ប្រភេទ រយៈពេល ៣០ឆ្នាំ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាព និងចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ និង លិខិតលេខ ៤១៣ សជណ.មយ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៣ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យរដ្ឋបាលខេត្តបន្ទាយ មានជ័យ ធ្វើការដោះដូរទីតាំងដីចំនួន ០៤កន្លែង ទំហំ ៣៣ ៣៣៣ (សាមសិបបីពាន់បីរយសាមសិបបី)ម៉ែតការ៉េ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយដីរបស់ក្រុមហ៊ុនទំហំ ៥០ ០០០ (ហាសិបពាន់) ម៉ែត្រការ៉េ ដោយការដោះដូរក្នុងតម្លៃស្មើគ្នារវាងដីទីតាំងចាស់ និងដីទីតាំងថ្មី និងធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ព្រមទាំងវិនិយោគ និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តគ្រប់ប្រភេទ រយៈពេល ៣០ឆ្នាំ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ និងតម្រូវឲ្យក្រុមហ៊ុន ធ្វើការរៀបចំសាងសង់ចំណតរថយន្តថ្មី មានលក្ខណៈស្តង់ដារ ទូលំទូលាយមានបន្ទប់ទឹក កៅអីអង្គុយរង់ចាំ ចំណតរថយន្តតូច និងចំណតរថយន្តធំ រួមជាមួយនឹងការបំពាក់សម្ភារៈស្តង់ដារ។ 

ចំពោះករណីការដោះដូរចំណតរថយន្តនេះ ក្រោយរដ្ឋបាលខេត្តបានទទួលនូវគោលការណ៍របស់ រាជរដ្ឋាភិបាល រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការអន្តរក្រសួងដែលមានសមាសភាពពីតំណាង ក្រសួងមហាផ្ទៃ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអង្គភាព ជំនាញពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងនាមរដ្ឋបាលខេត្តបានបង្កើតក្រុមការងារប្រចាំការ ដើម្បីសម្របសម្រួល ជាក្រុមហ៊ុនវិនិយោគចាស់ និងក្រុមហ៊ុនវិនិយោគថ្មី លើការស្នើសុំមួយចំនួន ដូចជា ស្នើជួយដោះស្រាយ សំណងផលប៉ះពាល់បងប្អូនអាជីវករ និងរកទីតាំងលក់ដូរបណ្តោះអាសន្នឲ្យបានសមស្រប ហើយនៅពេលដែលចំណតថ្មី សាងសង់រួចជាស្ថាពរ និងផ្ដល់អាទិភាពដល់ពួកគាត់មុនគេសំរាប់ការធ្វើអាជីវកម្មនៅចំណតរថយន្តថ្មី។ 

ទាក់ទងនឹងសំណូមពររបស់បងប្អូនអាជីវករក្រុមការងារខេត្តសហការជាមួយក្រុមហ៊ុនវិនិយោគទាំងពីរ បានដោះស្រាយនូវសំណងជូនបងប្អូនអាជីវករដូចខាងក្រោម៖ 
១- បងប្អូនអាជីវករ ដែលប្រកបមុខរបរអាជីវកម្មក្នុងសៀវភៅបន្ទុកមាន ចំនួន ០៧គ្រួសារ។ 

២- បងប្អូនអាជីវករ ដែលប្រកបមុខរបរអាជីវកម្មមិនមាននៅក្នុងសៀវភៅបន្ទុកមាន ចំនួន ០៧គ្រួសារបងប្អូនអាជីវករទាំងអស់នេះ គឺបានព្រមព្រៀងទទួលយកសំណងដោយពេញចិត្ត (បានធ្វើកិច្ចសន្យា) និងបានរុះរើតូបជុំវិញបរិវេណចំណតរថយន្តចាស់ក្រុងសិរីសោភ័ណ ទៅប្រកបអាជីវកម្មនៅលើទីតាំងចំណតរថយន្តធំ ដែលក្រុមហ៊ុន ឈឿន ចាន់ថន រៀបចំជូនគាត់លក់ដូរជាបណ្តោះអាសន្ន ដែលមានចំនួនតូប សរុប ៤៩តូប (រៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញតទឹក ភ្លើង បន្ទប់ទឹក និងរៀបចំកន្លែងសម្រាប់ភ្ញៀវអង្គុយរង់ចាំ)។ 

ក្នុងលិខិតបំភ្លឺរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគួសបញ្ជាក់ថា ទីតាំងលក់ដូរបណ្តោះអាសន្ន ដែលក្រុមហ៊ុនបានរៀបចំ គឺបងប្អូនអាជីវករ បានទៅធ្វើការ លក់ ដូរ រួចរាល់អស់ហើយ។ លើសពីនេះទៅទៀត គឺបងប្អូនអាជីវករ សាទររីករាយ ដែលក្រុមហ៊ុនវិនិយោគបាន ធ្វើការបង្ហាញពីទីតាំងចំណតរថយន្តថ្មី ដែលមានលក្ខណៈស្តង់ដារ នៅជាប់នឹងផ្លូវជាតិ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយ ១៥០០ម៉ែត្រ ពីទីតាំងចំណតរថយន្ត ចាស់ក្រុងសិរីសោភ័ណ។ 

ជាមួយគ្នានោះដែរក្រុមហ៊ុន បានដំឡើងផ្ទាំងប៉ាន់ណូផ្សព្វផ្សាយ នៅក្នុងបរិវេណចំណតរថយន្តចាស់ក្រុងសិរីសោភ័ណ (បេនតូច បេនធំ) ពីគំរោងអភិវឌ្ឍន៍ចំណតរថយន្តថ្មី ដោយចាប់ផ្តើម សាងសង់ពីខែធ្នូ ឆ្នាំ២០២៣ នេះតទៅហើយនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៤៕