2024-03-29 04:03
36

ខេត្តបាត់ដំបង៖ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះថា៖ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាឆក់ទូរស័ព្ទដៃតាមដងផ្លូវម្នាក់ ក្រោយជនសង្ស័យបានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់កំពុងជិះម៉ូតូតាមផ្លូវ បានសម្រេចរួចគេចខ្លួនបាត់។ 

បេីតាមការបញ្ជាក់ពីលោក វរសេនីយ៍ត្រី មៀន សុចិត្រា   នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប កាលពីថ្ងៃទី២៨ មីនាម្សិលមិញនេះ នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំ រោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( ឆក់យកទូរស័ព្ទដៃ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មុត ប៊ុនធឿន ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការស្រាវជ្រាវ។ 

-វត្ថុតាងដកហូតរួមមាន ៖
-ទូរស័ព្ទដៃ ម៉ាក iphone 11 ពណ៌ ប៉ៃតង ០១ គ្រឿង ( ជារបស់ជនរងគ្រោះ )
– ម៉ូតូ ០១ គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ ខ្មៅ ផ្កាឈូក ស៊េរីឆ្នាំ ២០ ១៥ ពាក់ស្លាកលេខ បាត់ដំបង1W- 6368  ( ជាមធ្យោបាយជិះធ្វើសកម្មភាព )។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០និង៥៩នាទី នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពជិះម៉ូតូ ០១ គ្រឿង ឆក់យកទូរស័ព្ទដៃ របស់ជនរងគ្រោះ ឈ្មោះ ថា ស្រីនុត ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំ នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវ ហើយជនសង្ស័យបានជិះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុជនរងគ្រោះបាន ប្តឹងមកសមត្ថកិច្ចនគរបាល ហើយផ្តើមពីបញ្ហានេះសមត្ថកិច្ចធ្វើការ ស្រាវជ្រាវនិងកំណត់មុខសញ្ញាបា នរហូតធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់ រីឯទូរស័ព្ទប្រគល់ជូនម្ចាស់វិញ៕