2024-03-22 08:03
29

(បាត់ដំបង)ៈរថយន្ត LEXUS.RX330 មួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេកមួយភាំងបានរ៉េចង្កូតធ្លាក់ផ្លូវ បណ្តាលអោយក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលប្រឡាយប៉ុន្តែសំណាងល្អដែលមិនបណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ ។ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង២ រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិប៉ោចសំរោង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក LEXUS.RX330 ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង2C-6918 បើកបរដោយបុរសវ័យចំណាស់ម្នាក់ និងអ្នករួមដំណើរជាមួយម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងងុយដេកមួយភាំងស្រាប់តែរ៉េចង្កូត ធ្លាក់ផ្លូវ បណ្តាលអោយក្រឡាប់ជាច្រើនត្រឡប់ចូលទៅក្មុងប្រឡាយ ប៉ុន្តែសំណាងល្អដែលមិនបណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ធ្ងរនោះ។
  បន្ទាប់ពីកើតហេតុក៏មានសមត្ថកិច្ចចុះទៅពិនិត្យនិងបានជួយអន្តរាគមន៍ហៅរថយន្តមកស្ទួចយករថយន្តខាងលើនេះរួចប្រគល់ឲ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង ។