2023-10-27 02:10
322

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ និងសប្បុរសជន បានចុះចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងតាមសណ្ដស្ទឹងព្រែកត្នោតចំនួន៥២៥គ្រួសារ ក្នុងនោះមកពីភូមិចំនួន៣ នៃឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ចំនួន២១០គ្រួសារ និងមកពីភូមិចំនួន២ នៃសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ចំនួន២១០គ្រួសារ។

សកម្មភាពនេះធ្វើឡើងនាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ លោក គង់ សោភ័ណ្ឌ បានឱ្យដឹងថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភបងប្អូននាឱកាសនេះ គឺមិនមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ គឺអនុវត្តតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។

លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះជំនន់ទឹកភ្លៀងដែលកំពុងតែជន់លិចនៅពេលនេះ ជាពិសេសត្រូវយកចិត្តទុកដាក់មើលថែចំពោះកុមារ ដើម្បីការពារកុំឲ្យមានករណីលង់ទឹកស្លាប់ និងថែមទាំងយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ ត្រូវពិសាទឹកដាំឆ្អិន និងសម្អាតបរិស្ថានជុំវិញផ្ទះជាដើម។ល។

អំណោយដែលសាខាបានចែកជូនដល់ប្រជាពលរដ្ឋក្រីក្ររងគ្រោះទាំងអស់នេះគឺ ក្នុង១គ្រួសារទទួលបាននូវ៖ អង្ករ២០គីឡូក្រាម មី១កេស ត្រីខ៥កំប៉ុង ទឹកត្រី១យួរ ទឹកបរិសុទ្ធ១កេស និងថវិកាចំនួន២ម៉ឺនរៀល៕